រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចពិភាក្សាដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំង ប្រធានបទពាក់ព័ន្ធនឹងគោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការកែប្រែតួនាទីរបស់កងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង នៅចំពោះមុខការប្រែប្រួលបរិយាកាសសន្តិសុខ។
ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក Pete Hegseth គ្រោងនឹងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខប្រចាំឆ្នាំ (SCM) នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាកិច្ចប្រជុំកម្រិតខ្ពស់មួយដែលអាមេរិក និងកូរ៉េខាងត្បូងនឹងពិភាក្សាពីសម្ព័ន្ធភាពយោធារបស់ប្រទេសទាំង២ និងការការពារកូរ៉េខាងត្បូងទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ លោក Hegseth ក៏គ្រោងនឹង ធ្វើទស្សនកិច្ចទៅកាន់តំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ DMZ ផងដែរ។
តាមក្រសួងការពារជាតិកូរ៉េខាងត្បូង រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និងលោក Hegseth នឹងពិភាក្សាគ្នាអំពីការត្រៀមលក្ខណៈរួមគ្នាទប់ទល់នឹងកូរ៉េខាងជើង ក៏ដូចជា កិច្ចសហប្រតិបត្តិការស្ដីពីសន្តិសុខក្នុងតំបន់ សាយប័រ និងប្រព័ន្ធខែលប្រឆាំងមីស៊ីល។
ក្រសួងបន្ថែមថាប្រមុខការពារជាតិទាំង២ ក៏ត្រូវបានរំពឹងដែរថានឹងជជែកគ្នាពីផែនការលើការឆ្លើយតបទៅនឹង ការប្រែប្រួលបរិយាកាសសន្តិសុខ និងការគំរាមកំហែងទាំងឡាយ តាមយៈការអភិវឌ្ឍសម្ព័ន្ធភាពរវាងប្រទេសទាំង២៕

