លោក Lee Jae Myung ប្រាប់ប្រធានាធិបតីឥណ្ឌូណេស៉ី ថាលោកសង្ឃឹមប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខយោធា ដោយកសាងកិច្ចសហការដែលមានស្រាប់ ដូចជាការអភិវឌ្ឍរួមគ្នាលេីយន្តហោះចម្បាំង

GYEONGJU៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រាប់ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto នៅថ្ងៃសៅរ៍នេះថា លោកសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខយោធា ដោយកសាងកិច្ចសហការដែលមានស្រាប់ ដូចជាការអភិវឌ្ឍរួមគ្នាលេីយន្តហោះចម្បាំង។
ការិយាល័យលោក Lee បានឱ្យដឹងថា មេដឹកនាំទាំងពីរបានជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។
តាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo បាននិយាយក្នុងជំនួបនោះថា ការពិភាក្សាជាមួយកូរ៉េខាងត្បូងអំពីគម្រោងយន្តហោះចម្បាំងកំពុងបន្ត ហើយវាអាស្រ័យលើកត្តាសេដ្ឋកិច្ច តម្លៃ និងហិរញ្ញវត្ថុ។
កាលពីមួយទសវត្សរ៍មុន កូរ៉េខាងត្បូង និងឥណ្ឌូណេស៉ីបានព្រមព្រៀងគ្នាអភិវឌ្ឍយន្តហោះចម្បាំង KF-21។ ប៉ុន្តែចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានយល់ព្រមកាត់បន្ថយការរួមចំណែករបស់ឥណ្ឌូណេស៉ីនៅក្នុងគម្រោងនេះ៕
