អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ទីរអប់រំពង្រឹងគុណភាពបង្រៀនដល់លោកគ្រូ អ្នកគ្រូ នៅតាមសាលាពីទីប្រជុំជនរហូតដល់ទីជនបទ ដើម្បីបង្កើនគុណភាពមូលធនមនុស្ស

កំពង់ស្ពឺ៖ ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត ស្ថិតក្នុងភូមិតាំងទន្លេ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭកទៅដល់ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្ត ឱ្យពង្រឹងគុណភាពបង្រៀនទៅដល់លោកគ្រូ អ្នកគ្រូនៅតាមសាលាពីទីប្រជុំជនដល់ទីជនបទចុងកាត់មាត់ញក ដើម្បីបង្កើនគុណភាពមូលធនមនុស្ស។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ការបើកបវេសនកាលគឺជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស។
ដូច្នេះលោកគ្រូ អ្នកគ្រូត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការបង្រៀន តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។
លើកឡើងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ បានបញ្ជាក់បន្ថែមថា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍ គឺចាំបាច់ណាស់នូវតម្រូវការធនធានមនុស្សដើម្បីចូលរួម ដូច្នេះការបណ្តុះបណ្តាល និងការខិតខំរបស់លោកគ្រូ អ្នកគ្រូនិងក្មួយៗជាសិស្សានុសិស្ស និងអាចកសាងបាននូវមូលធនមនុស្សយ៉ាងច្រើនឱ្យចូលរួមលើកិច្ចការនេះ ហើយមូលធនមនុស្សទាំងអស់នោះរំពឹងថាភាគច្រើនគឺជាកូនចៅអ្នកខេត្តកំពង់ស្ពឺយើង។
ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ ក៏បានជំរុញបន្ថែមផងដែរទៅដល់មន្ទីរអប់រំនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងចុះឱ្យដល់មូលដ្ឋាន សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋបំផុសឱ្យកូនៗដែលគ្រប់អាយុ ចូលសាលារៀននិងសម្របសម្រួលគ្រប់នីតិវិធីដល់កូនចៅបងប្អូនប្រជាពលរដ្ឋជាពលពលករទើបវិលនិវត្តន៍បានចូលសាលាគ្រប់គ្នា និងក្រើនរំឭកដល់អាណាព្យាបាលឱ្យជួយណែនាំដល់កូនៗកុំឱ្យបោះបង់ការសិក្សានៅត្រឹមថ្នាក់បឋម។
សូមបញ្ជាក់ថា បវេសនកាលឆ្នាំ២០២៥-២០២៦ ខេត្តកំពង់ស្ពឺ មានអាគារសិក្សាចំនួន ១១១០ខ្នង ស្មើនិង ៥០០១បន្ទប់ មានសិស្សានុសិស្សជិត ១៥ម៉ឺននាក់ និងមានសាលារៀនជំនាន់ថ្មី១ វិទ្យាល័យធនធានចំនួន២ វិទ្យាស្ថានចំនួន៤ និងសកលវិទ្យាល័យឯកជនចំនួន ២ផងដែរ៕

