ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញចុះអនុស្សរណៈនៃការយោគយល់ ក្រោមគម្រោង “ផ្ទះថ្មី ក្តីសង្ឃឹមថ្មី” រវាងក្រុមហ៊ុន ហ៊ុននីគែន ខេមបូឌា និងរដ្ឋបាលខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់ ក្រោមគម្រោង “ផ្ទះថ្មី ក្តីសង្ឃឹមថ្មី” រវាងក្រុមហ៊ុន ហ៊ុននីគែន ខេមបូឌា និងរដ្ឋបាលខេត្តឧត្តរមានជ័យ។
ពិធីនេះដែរក៏មានការអញ្ជើញពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលស្រុក លោកប្រធានមន្ទីរជុំវិញរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុននីគែន ខេមបូឌាផងដែរ។
ឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងថា “ផ្ទះថ្មី ក្តីសង្ឃឹមថ្មី” នាពេលខាងមុខនេះផ្ទះចល័តចំនួន៣០ខ្នង នឹងត្រូវសាងសង់ជូនគ្រួសារដែលរងផលប៉ះពាល់ខ្លាំងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមបន្តថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាប់ព្រំដែនដែលរងនូវផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ដើម្បីរក្សា សុវត្ថិភាព ហើយលំនៅឋានមួយចំនួនត្រូវបានបំផ្លិចបំផ្លាញ និងរងការខូចខាតស្ទើរតែទាំងស្រុង។
ក្រុមហ៊ុន ហ៊ុននីគែន (ខេមបូឌា) ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាជាង៣០ឆ្នាំ នឹងរដ្ឋបាលខេត្តឧត្ដរមានជ័យ សូមសម្តែងនូវស្មារតីសាមគ្គីភាព និងឆន្ទៈខ្ពស់ ក្នុងការចូលរួមចំណែកជួយដល់គ្រួសារដែលរងផលប៉ះពាល់ ដោយផ្តល់ជូននូវគេហដ្ឋានថ្មីក្រោមគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» ដោយមានការធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីស្តារឡើងវិញនូវសុវត្ថិភាព ភាពកក់ក្តៅ និងក្តីសង្ឃឹមថ្មី ជូនដល់ប្រជាពលរដ្ឋ៕

