លោក ដូណាល់ ត្រាំ បង្ហាញជំនឿចិត្តថាចិននឹងមិនវាយប្រហារលើតៃវ៉ាន់នោះទេ

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃចន្ទ ទី២០ ខែតុលា បានបង្ហាញជំនឿចិត្តថាចិននឹងមិនវាយប្រហារលើតៃវ៉ាន់នោះទេ ហើយរូបលោកផ្ទាល់សង្ឃឹមថា នឹងរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនៅចុងខែតុលានេះ។
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅឯសេតវិមាន និងជាការឆ្លើយតបទៅ នឹងការលើកឡើងពីការព្រួយបារម្ភពីការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់។ ដោយមិនបង្ហាញពីការប្ដេជ្ញាចិត្តការពារតៃវ៉ាន់ដោយប្រើកម្លាំងយោធា លោក ត្រាំ បានបន្ថែមថាប៉េកាំង បានដឹងយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកនៅតែជាកំពូលមហាអំណាចយោធាបំផុតលេខនៅលើពិភពលោក។
លោក ត្រាំ ក៏បានបង្ហើបដែរថាលោកទទួលបានការអញ្ជើញឱ្យធ្វើទស្សនកិច្ច ទៅប្រទេសចិននៅដើមឆ្នាំក្រោយ ហើយរំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក ស៊ី ជីនពីង នៅពេលមេដឹកនាំទាំង២ ជួបគ្នានៅកូរ៉េខាងត្បូងនាចុងខែតុលា៕
