មេដឹកនាំយោធាកំពូលរបស់ចិន២រូប ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្ដ ព្រោះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ

ប៉េកាំង៖ កាលពីថ្ងៃសុក្រទី១៧តុលា ក្រសួងការពារជាតិចិនបានអះអាងថា មេដឹកនាំយោធាកំពូលរបស់ចិន២រូប ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្ដ ព្រោះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយអ្នកទាំង២គឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលត្រូវបោសសម្អាតនៅក្នុងប្រតិបត្តិការកណ្តាប់ដៃដែកប្រឆាំងអំពើពុករលួយចាប់ផ្តើមនៅឆ្នាំ២០២៣។
លោក ហ៊ី វៃដុង (He Weidong) ជាមន្ត្រីឯកសណ្ឋានលំដាប់ខ្ពស់បំផុតទី២ នៅក្នុងឋានានុក្រមនៃកងទ័ពរំដោះប្រជាជន(PLA) និងឧត្តមសេនីយ៍កងទ័ពជើងទឹក លោក ម៉ៅ ហួរ (Miao Hua) ដែលជាអតីតមន្ត្រីនយោបាយកំពូលរបស់យោធាចិន គឺជាមន្ត្រីយោធាជាន់ខ្ពស់ចុងក្រោយគេ ដែលជាគោលដៅនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយនៅក្នុងជួរនៃកងទ័ពរំដោះប្រជាជនចិន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ហ្សាង សៀវហ្កាង (Zhang Xiaogang) បានលើកឡើងថា លោក ហ៊ី វៃដុង និងលោក ម៉ៅ ហួរ រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ចំនួន៧រូបផ្សេងទៀត ដែលមានឈ្មោះនៅក្នុងសេចក្តីប្រកាសគឺថាបានបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យបក្ស ហើយត្រូវបានសង្ស័យថាមានឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងកាតព្វកិច្ចធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងប្រាក់ដ៏ច្រើន។ បទល្មើសរបស់ពួកគេគឺមានលក្ខណៈធ្ងន់ធ្ងរ ជាមួយនឹងផលវិបាកដ៏អាក្រក់បំផុត។ យ៉ាងណា នេះជាសមិទ្ធផលដ៏សំខាន់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់បក្ស និងយោធា៕

