ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយមានការចូលរួមពីលោកអគ្គនាយករង លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យចំណុះអគ្គនាយកដ្ឋានរដ្ឋបាល តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងទីប្រឹក្សា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ជាការចាប់ផ្ដើម ឯកឧត្តមប្រធានអង្គប្រជុំ បានស្វាគមន៍និងថ្លែងអំណរគុណដល់លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ហើយបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីឱ្យការកែសម្រួលកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយលោកទីប្រឹក្សា ដោយមានគាំទ្រពីអង្គការតម្លាភាពកម្ពុជា នៅក្នុងដំណើរការរៀបចំកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ ឯកឧត្តម បានគូសរំលេចជូនអង្គប្រជុំឱ្យបានជ្រាបថា ផ្អែកតាម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលឃុំ សង្កាត់មានតួនាទីក្នុងការជំរុញ និងលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។ ដូច្នេះ មូលនិធិឃុំ សង្កាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីឱ្យរដ្ឋបាលឃុំ សង្កាត់អាចចាត់ចែងនូវកិច្ចអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយស្វ័យភាព ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយមូលនិធិមានការកើនឡើងជាលំដាប់ ពីចំនួនទំហំប្រមាណជិត៨លានដុល្លារសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០០២ រហូតដល់ប្រមាណ២៥២លានដុល្លារសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៥។ បើធ្វើការបូកសរុប ជាមួយការបន្ថែម១% នៃចំណូលចរន្តថវិកាជាតិ និងពន្ធចែករំលែក៦% ពីរដ្ឋបាលរាជធានី ខេត្ត ជូនរដ្ឋបាលឃុំ សង្កាត់ នោះចំណូលសរុបរបស់រដ្ឋបាលឃុំ សង្កាត់ទូទាំងប្រទេស មានការកើនឡើងរហូតដល់ជាង៣៥០លានដុល្លារសហរដ្ឋអាម៉េរិកនៅក្នុងឆ្នាំ២០២៥នេះ។ ការបង្កើននូវចំនួនថវិកានៃមូលនិធិឃុំ សង្កាត់នេះ គឺជាការបង្ហាញនូវឆន្ទៈឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងការបន្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្រិតឃុំ សង្កាត់។
ក្រៅពីការរំលេចជូនអង្គប្រជុំខាងលើ ឯកឧត្ត សួស ប្រាថ្នា បានធ្វើកត់សម្គាល់ផងដែរថា ការអនុវត្តនៃគម្រោងមូលនិធិឃុំ សង្កាត់ នៅមានភាពមិនប្រក្រតី និងទទួលរងនូវការរិះគន់ពីសាធារណមតិតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានា រួមទាំងការដាក់ពាក្យបណ្តឹងដោយផ្ទាល់មកកាន់ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើរពុករលួយ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងដំណើរការដេញថ្លៃ និងអនុវត្តគម្រោង។ ភាពមិនប្រក្រតីទាំងនោះ រួមមាន៖ ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ, ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ, ការពន្យារការដេញថ្លៃដោយមិនបានកំណត់នូវកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់នៃការដេញថ្លៃបន្ទាប់, ការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេស, ភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃ, ការបន្ថែមលទ្ធផលកិច្ចសន្យាដោយមិនបានផ្អែកតាមតម្លៃឯកតាដែលបានសរសេរក្នុងសំណើដេញថ្លៃដែលឈ្នះ, ការផ្លាស់ប្តូរទីតាំងលទ្ធផលគម្រោង ឬការបង្កើនបន្ថែមលទ្ធផលគម្រោងនូវទីតាំងដែលមិនបានសិក្សា ឬសិក្សាតែផ្នែកណាមួយ រួមជាមួយបញ្ហាផ្សេងៗទៀត។ ក្រៅពីនេះ ភាពមិនប្រក្រតី ក៏កើតឡើង ដោយសារភាពចន្លោះខ្វះខាតមួយចំនួន ដែលមិនមានចែងច្បាស់លាស់នៅក្នុងសៀវភៅណែនាំស្តីពីការអនុវត្តមូលនិធិឃុំ សង្កាត់ផងដែរ។
ផ្អែកលើមូលដ្ឋាននេះហើយ បានជាអគ្គនាយកដ្ឋានរដ្ឋបាលធ្វើការសហការជាមួយលេខាធិការដ្ឋានគ.ជ.អ.ប. ដោយមានការគាំទ្រពីអង្គការតម្លាភាពកម្ពុជា បានដំណើរការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ចុះប្រមូលធាតុចូលពីអ្នកមានភារកិច្ចគាំទ្រ និងអ្នកអនុវត្តផ្ទាល់ នៅរដ្ឋបាលខេត្តកំពត ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ថែមទាំងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម សួស ប្រាថ្នា ប្រធានអង្គប្រជុំបានធ្វើការបូកសរុបលទ្ធផលប្រជុំ និងធ្វើការណែនាំនូវកិច្ចការសំខាន់ៗមានជាអាទិ៍៖ ១). ក្រុមការងារត្រូវកែសម្រួលតាមស្មារតីនៃអង្គប្រជុំ និងត្រូវបញ្ចប់ការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅដើមខែធ្នូ ឆ្នាំ២០២៥ ២). ត្រូវពិនិត្យ និងរៀបចំសេចក្តីប្រកាសស្តីពីក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន ៣). ត្រូវពិនិត្យ និងកែសម្រួលចំណុចពាក់ព័ន្ធនឹងការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម ៤).ត្រូវពិនិត្យ និងកំណត់ពេលវេលានៃការសិក្សាគម្រោងឱ្យបានច្បាស់លាស់ ៥).ត្រូវរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយដោយមានសមាសភាពចូលរួមពី រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ សង្កាត់ និងដៃគូអភិវឌ្ឍន៍ ៦).ត្រូវរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ គោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យនិងសម្រេច៕

