លោក Keir Starmer៖ អង់គ្លេសនឹងផ្តល់កញ្ចប់ជំនួយចំនួន ២៧លានដុល្លារ ដើម្បីផ្តល់សេវាកម្មទឹកស្អាត និងអនាម័យក្នុងតំបន់ហ្កាហ្សា

ឡុងដ៏៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេសនឹងផ្តល់កញ្ចប់ជំនួយចំនួន ២៧លានដុល្លារ ដើម្បីផ្តល់សេវាកម្មទឹកស្អាត និងអនាម័យក្នុងតំបន់ហ្កាហ្សា ខណៈដែលលោកទៅដល់អេហ្ស៉ីប សម្រាប់កិច្ចប្រជុំកំពូលនៃបណ្តាមេដឹកនាំពិភពលោក ស្តីពីការបិទបញ្ចប់សង្រ្គាម។
កញ្ចប់ជំនួយថ្មីនេះ ត្រូវផ្តល់តាមអង្គការយូនីសេហ្វ (UNICEF) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការជួយជនភៀសខ្លួនន័រវែស ហើយផ្តល់ទៅអ្នកដែលប្រឈមនឹងគ្រោះទុរ្ភិក្ស កង្វះអាហារូបត្ថម្ភ និងអ្នកជំងឺ។ ឆ្នាំនេះ អង់គ្លេសបានផ្តល់ជំនួយជាង ៩៨លានដុល្លារ នៅក្នុងសកម្មភាពមនុស្សធម៌ជួយដល់ជនជាតិប៉ាឡេស្ទីន។
ចក្រភពអង់គ្លេស ក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ ស្តីពីការកសាងតំបន់ហ្កាហ្សាឡើងវិញផងដែរ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាលអន្តរជាតិ វិស័យឯកជន និងតំណាងមូលធិនិហិរញ្ញវត្ថុអភិវឌ្ឍ ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍ រួមទាំងធនាគារពិភពលោក៕

