រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំរបបសឹក

គូឡាឡាំពួ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Mohamad Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំរបបសឹក ស្ដីពីដំណើរការរៀបចំការបោះឆ្នោតសកល និងជំរុញភាពរីកចម្រើននៅក្នុងដំណើរការស្វែងរកសន្តិភាពដែលកំពុងជាប់គាំង។
តាមការបញ្ជាក់ពីក្រសួងការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នឹងធ្វើទស្សនកិច្ចរយៈពេល១ថ្ងៃទៅកាន់រដ្ឋធានីណៃពិដោរ ក្នុងសមត្ថភាពរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន ហើយលោក នឹងត្រូវជួបជាមួយមេដឹកនាំរបបសឹក លោក Min Aung Hlaing រួមទាំងមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាមួយចំនួន។
មេដឹកនាំយោធាមីយ៉ាន់ម៉ាត្រូវបានហាមមិនឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចាប់តាំងពីឆ្នាំ២០២២ ដោយសារតែការបរាជ័យក្នុងការអនុវត្តតាមផែនការសន្តិភាព៥ចំណុចរបស់អាស៊ាន ដែលមេដឹកនាំរបបសឹកបានយល់ព្រមទទួលយក ក្រោយធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១។
មីយ៉ាន់ម៉ាដែលសព្វថ្ងៃកំពុងផុងខ្លួននៅក្នុងសង្រ្គាមស៊ីវិលរវាងយោធា និងក្រុមឧទ្ទាមប្រដាប់អាវុធ គ្រោងនឹងមានការរៀបចំការបោះឆ្នោតសកលមួយនៅថ្ងៃទី៨ ខែធ្នូខាងមុខ៕
