**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញថ្លែងបទអន្តរាគមន៍ ៦ចំណុចសំខាន់ៗ នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ (គ.ដ.ន.ជ.)

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ (គ.ដ.ន.ជ.) នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហប្រធាន គ.ដ.ន.ជ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីដែលជាសមាជិក សមាជិកាគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងក្រសួង ស្ថាប័ន ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត តំណាងក្រុង ស្រុក ខណ្ឌ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនប្រមាណ៥០០រូប។

បទអន្តរាគមន៍របស់ឯកឧត្តម សួស ប្រាថ្នា នឹងលើកឡើងអំពីសារៈសំខាន់នៃផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (អាជ្ញាធរដែនដី) ដែលមានចំនួន ៦ចំណុចសំខាន់ៗ រួមមានដូចខាងក្រោម៖

១. ការរៀបចំរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នៅឆ្នាំ២០០៩ រចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងវិញ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។បច្ចុប្បន្ន រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិមាន៣កម្រិត គឺ៖ (១).ថ្នាក់រាជធានី ខេត្ត (២).ថ្នាក់ក្រុង ស្រុក ខណ្ឌ និង(៣)ថ្នាក់ឃុំ សង្កាត់។ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ ត្រូវបានធ្វើការកែសម្រួល រចនាសម្ព័ន្ធ និងតួនាទីភារកិច្ច ជា បន្តបន្ទាប់ ជាពិសេស ការធ្វើសមាហរណកម្ម ការិយាល័យជំនាញ នានា នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ចូលទៅក្នុងរចនាសម្ព័ន្ធ របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅឆ្នាំ២០១៩។ ការកែសម្រួលនេះ ធ្វើឡើងក្នុងគោលបំណង ឆ្លើយតប ទៅនឹង តម្រូវការ ជាអាទិភាព ជាក់ស្ដែង របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក៏ដូចជាតម្រូវការ អភិវឌ្ឍន៍មូលដ្ឋាន នីមួយៗ ដែលមានការ ប្រែប្រួល និងការ កើនឡើង ជាលំដាប់ឥតឈប់ឈរ និងឆាប់រហ័ស ទាំងបរិមាណនិង គុណភាព សំដៅ លើកកម្ពស់ គុណភាពជីវិត របស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង ស្របតាម គោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ដើម្បីបន្តកិច្ចដំណើរការ នៃការអនុវត្ត កម្មវិធី កំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការ សំដៅលើកកម្ពស់ ជីវភាពនិងគុណភាពជីវិត របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋាន ឱ្យកាន់តែ មានភាពឆ្លើយតប ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព រាជរដ្ឋាភិបាល បាន ដាក់ចេញ កម្មវិធី ជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ លើកទី២ រយៈពេល ១០ឆ្នាំ (២០២១-២០៣០)បន្តទៀត។ កម្មវិធីជាតិ ១០ឆ្នាំលើកទី២នេះ មានសមាសភាគសំខាន់ចំនួន ៥ រួមមាន ៖១). ការដឹកនាំសម្របសម្រួល ការងារកំណែទម្រង់ ២).រចនាសម្ព័ន្ធនិងប្រព័ន្ធ គ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិ ៣). ការគ្រប់គ្រប់និងការអភិវឌ្ឍ ធនធានមនុស្ស ៤). វិមជ្ឈការ ហិរញ្ញវត្ថុ និងប្រព័ន្ធផែនការ និង ថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ៥).ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ មូលដ្ឋាន។ ជាមួយគ្នានេះ គោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ៥ឆ្នាំដំបូងក្នុង រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីក សមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនីតិកាលកន្លងមកដោយបន្តពង្រឹងស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបានជារដ្ឋបាលសាធារណៈមួយ ដែលមាន សមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំហើបំពេញការងារ នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ការបន្ត កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ដោយកសាងភាពធន់ទៅនឹងការបម្រែបម្រួល នៃ កត្តាសង្គម សេដ្ឋកិច្ច និងកត្តា បរិស្ថាន ធម្មជាតិ ព្រមទាំង ដាក់ចេញ នូវរបៀបវារៈ សង្គម-សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកសាងមូលដ្ឋានគ្រឹះ ដ៏រឹងមាំ សម្រាប់ការបន្តដំណើរ ឈានទៅ សម្រេចបាន នូវចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០។

២. ការរៀបចំប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ មាត្រា៩ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ បានកំណត់ឱ្យ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ គឺជានីតិបុគ្គល នៃនីតិសាធារណៈ។ នីតិបុគ្គលនីមួយៗរួមមាន ដែនដី និងប្រជាពលរដ្ឋ នៅក្នុង ដែនដីនោះ និងមានក្រុមប្រឹក្សា មួយជាតំណាង ដែលកើតឡើងពីការបោះឆ្នោតជា សកល និងអសកល ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់។ ការផ្ដល់ភាពជា នីតិបុគ្គលនៃនីតិសាធារណៈ ចំពោះរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ គឺក្នុងគោលបំណង ផ្ដល់សិទ្ធិ អំណាច មុខងារ ធនធាន និងទ្រព្យសម្បត្តិ ឱ្យ ដល់ក្រុមប្រឹក្សា ដើម្បីអាចគ្រប់គ្រង ចាត់ចែងកិច្ចការនានានៅមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់ និងជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋាន ប្រកបដោយ ចីរភាព ប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។ ទន្ទឹមនេះ គណៈអភិបាល មានតួនាទីជាអ្នកអនុវត្ត សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា និងជាតំណាង រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលនីមួយៗផងដែរ។ ក្នុងនាមជាអ្នកអនុវត្តសេចក្ដីសម្រេច របស់ក្រុមប្រឹក្សា គណៈអភិបាល មានភារកិច្ច សំខាន់ៗ ដូចជា៖ ផ្ដល់យោបល់ជូនក្រុមប្រឹក្សា រាយការណ៍ជូនក្រុមប្រឹក្សា និងអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា ព្រមទាំង ជួយក្រុមប្រឹក្សា ឱ្យសម្រេចបាននូវ ការអនុវត្ត មុខងារ សិទ្ធិអំណាច និងភារកិច្ចរបស់ខ្លួន ដោយត្រូវរៀបចំដាក់ជូន ក្រុមប្រឹក្សា ដើម្បីពីនិត្យ និងអនុម័ត នូវផែនការអភិវឌ្ឍន៍ កម្មវិធី វិនិយោគបីឆ្នាំរំកិល គម្រោងថវិកា ប្រចាំឆ្នាំ និងគម្រោងបញ្ជីចំណាយ រយៈពេល មធ្យម។ល។ ដោយឡែកចំពោះតួនាទី ជាតំណាង ឱ្យរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន គណៈអភិបាលមានភារកិច្ច ណែនាំ សម្របសម្រួល និងតម្រង់ទិស ដល់មន្ទីរ អង្គភាព ដែលជាខ្សែបណ្ដោយរបស់ក្រសួង ស្ថាប័ននានា និងទីភ្នាក់ងារ នានារបស់រាជរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅ ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឱ្យអនុវត្ត ទួនាទីភារកិច្ច របស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន ព្រមទាំង ទទួលបន្ទុកការងារ សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ច្បាប់ និងសិទ្ធិមនុស្ស និងត្រូវមានគណនេយ្យ-ភាព ចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ  និងក្រសួង ស្ថាប័ននានាផងដែរ។

៣. ការរៀបចំផែនការអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ បានតម្រូវឱ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវរៀបចំនិងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ យ៉ាងយូរត្រឹម ឆ្នាំទី២ នៃអាណត្តិរបស់ខ្លួន ព្រមទាំង ត្រូវធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ប្រចាំឆ្នាំ ដើម្បីដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំបច្ចេកទេសនានា សម្រាប់កិច្ចដំណើរ ការកសាងផែនការ របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធានាបាននូវការចូលរួមពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ អង្គការ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា។ផ្អែកតាមមូលដ្ឋានក្របខ័ណ្ឌគតិយុត្តទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខ្លួនដោយគោរពទៅតាមគោលការណ៍សំខាន់ៗ រួមមាន៖ (១).ការចែករំលែកព័ត៌មាន, (២).តម្លាភាព, (៣).សង្គតិភាពនិងសុខដុម-នីយកម្ម, (៤).ការចូលរួមពិគ្រោះយោបល់ជាទូទៅ, (៥).ការឆ្លើយតបនឹងតម្រូវការ, (៦).គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ, (៧).ប្រសិទ្ធភាពនិងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម, (៨).ការធានាចីរភាពធនធានធម្មជាតិនិងបរិស្ថាន និង(៩).ការធានាសមធម៌។ ជាពិសេស ក្នុងការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ត្រូវមានការពិគ្រោះយោបល់ជាមួយនឹង៖ (១).ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, (២).ប្រភេទក្រុមប្រឹក្សាដទៃទៀតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, (៣).ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និង(៤).អ្នកពាក់ព័ន្ធនានា។ ទោះបីជាប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ និងដាក់ឱ្យប្រើប្រាស់ រួចហើយ ក៏ដោយ ក៏ចាំបាច់ត្រូវមានការពិនិត្យមើលឡើងវិញ ដើម្បីធានាឱ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានស្វ័យភាពក្នុងការប្រើប្រាស់ និងការគ្រប់គ្រងធនធានរបស់ខ្លួនស្របតាមតម្រូវការ របស់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងដើម្បី ធ្វើឱ្យប្រព័ន្ធនេះកាន់តែឆ្លុះបញ្ចាំងតាមប្រភេទផ្សេងៗគ្នានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងតំបន់ទីប្រជុំជន និងតំបន់ជនបទ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោ បាយស្តីពី ប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគោលនយោបាយនេះ គឺជាផែនទីបង្ហាញ ផ្លូវដ៏សំខាន់សម្រាប់ពិនិត្យមើលឡើងវិញ និងកែសម្រួលអនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំ បច្ចេក ទេសនានាពាក់ព័ន្ធនឹងការ កសាង ផែន ការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅកំណត់ឱ្យបានច្បាស់លាស់អំពីប្រព័ន្ធកសាងផែនការ ដែលមានលក្ខណៈខុសគ្នារវាងប្រព័ន្ធកសាងផែនការ នៅតំបន់ទីប្រជុំជន និង នៅតំបន់ ជនបទ ព្រមទាំងកំណត់នូវប្រតិទិនយ៉ាងច្បាស់លាស់សម្រាប់ការកសាងផែនការ ដែលមានលក្ខណៈអាចសម្របសម្រួលគ្នាបានរវាងរដ្ឋបាលនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ដូច្នេះ ដើម្បីធានាឱ្យការរៀបចំ និងការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ចាំបាច់ត្រូវមានផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ខ្លួនជាមុនដើម្បីតម្រង់ទិសដល់ការចាត់ចែង និងរៀបចំផែនការអភិវឌ្ឍតាមវិស័យនានា ប្រកបដោយចីរភាព និងកាត់បន្ថយបានជាអតិបរមា នូវផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម និងបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះ ការរៀបចំផែនការរូបវន្តទាំងនេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងការជំរុញ និងតម្រង់ទិស ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍ ផែនការវិនិយោគនានាឱ្យមានដំណើរការ បានល្អប្រសើរឡើងផងដែរ។

៤.សារៈសំខាន់នៃផែនការរូបវន្ត (ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី)ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀតមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សដែលធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីធ្លីមានការកើនឡើង យ៉ាងគំហុក។ ជាមួយគ្នានេះដែរ បានលេចឡើងនូវចរន្តនៃការចូលទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋជាច្រើន ជាពិសេសដីធ្លីស្ថិតក្នុងតំបន់អភិរក្ស និងតំបន់ការពារធម្មជាតិនានា ដែលធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើ និងបរិស្ថាន ជាដើម។ ក្នុងន័យនេះ ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ចាំបាច់ ត្រូវធ្វើការសិក្សារៀបចំផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី សំដៅកំណត់ឱ្យបានច្បាស់លាស់អំពីតំបន់ដែលអាចអភិវឌ្ឍនបាន និងតំបន់ដែលត្រូវអភិរក្ស ឬតំបន់ត្រូវហាមឃាត់សាងសង់។ល។ លើមូលដ្ឋាននេះ ការរៀបចំផែនការរូបវន្ត រួមមាន៖ ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ ដី និងផែនការប្រើប្រាស់ដី ដែលផែនការទាំងបីនេះ គឺជាផែនការរូបវន្តមួយ ដែលអាចប្រើប្រាស់ជាឧបករណ៍ដែលមានលក្ខណៈជាយុទ្ធសាស្ត្រ និងជាផែនទីបង្ហាញផ្លូវដ៏ មានសារៈសំខាន់សម្រាប់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមានមូលដ្ឋានក្នុងការ គ្រប់គ្រងរដ្ឋបាលដែនដី និងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យក្នុងក្របខ័ណ្ឌរយៈពេលវែងប្រកបដោយចីរភាព និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាសស់ដីបង្ការជម្លោះ និងរក្សាការពារ បាននូវបរិស្ថានធម្មជាតិ។ ផែនការរូបវន្តទាំងនេះមានសារៈសំខាន់សម្រាប់ការអនុវត្ត ការងាររបស់អាជ្ញាធរដែនដី ដែលក្នុងនោះរួមមាន៖ ១. ជាមូលដ្ឋានគតិយុត្តសម្រាប់ធ្វើការសម្រេចចិត្ត ផែនការរូបវន្តទាំងនេះ ជាមូលដ្ឋានគតិយុត្តបន្ទាប់ពីលិខិតបទដ្ឋានគិតយុត្តដែលមានជាធរមាន សម្រាប់ជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដាក់ចេញនូវបញ្ញត្តិ វិធានការ និងការធ្វើសេចក្តីសម្រេចចិត្តនានាពាក់ព័ន្ធការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍ ការអភិរក្ស ការចាត់ចែង និងការប្រើប្រាស់ដីធ្លីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានចំទិសដៅ មានការគិតគូរបានគ្រប់ជ្រុងជ្រោយ ធានាបាននូវប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយបាននូវបញ្ហាប្រឈមនានាដែលអាចកើតមានឡើង ជាពិសេសតំបន់ទីក្រុងដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលនឹងរួមចំណែកជួយដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងការសម្រេចបាននូវចក្ខុវិស័យ គោលបំណង និងគោលដៅដែលបានកំណត់។ , ២. ការគ្រប់គ្រង និងការអភិវឌ្ឍដីធ្លីប្រកបដោយប្រសិទ្ធភាពផ្អែកលើផែនការរូបវន្តនេះ រដ្ឋបាលថ្នាក់ក្រោមជាតិអាចកំណត់បែងចែកតំបន់នៃការអភិវឌ្ឍ, តម្រង់ទិសដៅការប្រើប្រាស់ដីធ្លី និងធានាសក្តានុពលនៃការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសបញ្ហា និងជួយធ្វើឱ្យសុខុមាលភាពសង្គមកាន់តែល្អប្រសើរឡើង តាមរយៈការកំណត់នូវតំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់រដ្ឋបាល តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ តំបន់បេតិកភណ្ឌ តំបន់អភិរក្សនានាជាដើម ដែល រងនូវការកំហិតការប្រើប្រាស់ដីទៅតាមលក្ខណៈសមស្របនៃតំបន់នីមួយៗ។ ហេតុនេះ ផែនការរូបវន្តទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីកំណត់តំបន់មួយថាតើត្រូវកសាងអ្វី? អភិវឌ្ឍន៍អ្វី?មធ្យោបាយបែបណា? និងប្រើប្រាស់ដីធ្លីបែបណា? ដែលជួយតម្រង់ទិសដល់ការចាត់ចែងនិងការប្រើប្រាស់ដីធ្លី តម្រង់ទិសដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា និងការលើកស្ទួយនូវអត្តសញ្ញាណ និងតម្លៃសក្តានុពលរបស់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំ សង្កាត់នីមួយៗ ព្រមទាំងជួយតម្រង់ទិសដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខស្បៀង សោភណភាព បរិស្ថាន លំហបៃតង និងគុណភាពដីជាដើម។ , ៣. ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការនានា ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ជាផែនការគោលសំខាន់មួយសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានឆ្លុះបញ្ចាំងលើការងារគ្រប់វិស័យនិងគ្រប់ទិដ្ឋភាព ព្រមទាំងជួយសម្របសម្រួលដល់ការរៀបចំគម្រោងអភិវឌ្ឍន៍នានាទាំងរដ្ឋ និងឯកជនឱ្យស្របតាមគោលដៅអភិវឌ្ឍន៍របស់ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ក្រោមជាតិនៅគ្រប់លំដាប់ថ្នាក់។ ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ក៏ជាផែនទីបង្ហាញផ្លូវសម្រាប់រៀបចំការអភិវឌ្ឍមូលដ្ឋានឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ តាមរយៈការ កំណត់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ, យុទ្ធសាស្ត្រអភិវឌ្ឍន៍ការរៀបចំដែនដីនិងនគរូបនីយកម្ម, យុទ្ធសាស្ត្រ អភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធ, យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច, យុទ្ធសាស្ត្រអភិវឌ្ឍន៍សង្គមកិច្ច, យុទ្ធសាស្ត្រការពារបរិស្ថាននិងធនធានធម្មជាតិ, យុទ្ធសាស្ត្របង្ការនិងទប់ស្កាត់គ្រោះមហន្តរាយ និងយុទ្ធសាស្ត្រការពារអធិបតេយ្យ និងបូរណភាពទឹកដីជាដើម។ , ៤.បង្កើនឱកាសវិនិយោគ និងចំណូលនៅមូលដ្ឋាន តាមរយៈការកសាងនូវផែនការរូបវន្តនៅថ្នាក់ក្រោមជាតិនេះ រដ្ឋបាលថ្នាក់ក្រោមជាតិនឹងក្តាប់បាននូវរាល់ទិន្នន័យភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច-សង្គម តម្រូវការអភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធរូបវន្ត ការកំណត់តំបន់(Zooning) និងតម្រូវការប្រើប្រាស់ដី ជាពិសេសសក្តានុពលរបស់ខ្លួន សម្រាប់ជាមូលដ្ឋានក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់វិស័យឯកជន អង្គការសង្គមស៊ីវិល និងសាធារណជន ដើម្បីទាក់ទាញការចូលរួមគាំទ្រ ការ បណ្តាក់ទុន និង បង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគដែលនឹងផ្តល់ឱកាសការងារ បង្កើតប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

៥. បញ្ហាប្រឈម ទន្ទឹមនេះនឹងវឌ្ឍនភាពការងាររៀបចំដែនដី និងនគរូបនីយកម្មដូចបានគូសបញ្ជាក់ខាងលើ រដ្ឋបាលថ្នាក់ក្រោមជាតិក៏នៅជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
– កំណើនប្រជាពលរដ្ឋ ការអភិវឌ្ឍ កំពុងមានការកើនឡើងយ៉ាង គំហុក និង ការផ្សារភ្ជាប់ ជាមួយនឹង សមាហរណកម្ម សេដ្ឋកិច្ច សកលលោក បានធ្វើឱ្យ តម្រូវការ ដីធ្លី កាន់តែ កើនឡើង ដែល តម្រូវឱ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវ ចាត់ចែង និងរៀបចំ ឱ្យបាន ល្អប្រសើរ ឬ ពិនិត្យ ភាពសមស្របនូវ រាល់ តម្រូវការ ប្រើប្រាស់ ដី ធ្លី ទាំងនោះ ទៅតាម ផែនការ និងគោលការណ៍ ច្បាប់ កំណត់
– យោងតាមអនុក្រឹត្យលេខ ១៨២, ១៨៣ និង១៨៤ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មុខងារចំនួន៤ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ (១).ការងាររៀបចំដែនដី និងនគរូបនីយកម្ម (២).ការងារភូមិបាល (៣).ការងារសំណង់ និង(៤).ការងារលំនៅឋាន។ ក្នុងនោះ ការងាររៀបចំដែនដី និងនគរូប-នីយកម្ម សំដៅដល់ការរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក, ផែនការប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក និងប្លង់លម្អិតនគរូបនីយកម្មនៃតំបន់ណាមួយនៅក្នុងក្រុង ស្រុកសម្រាប់រដ្ឋបាលក្រុង ស្រុក និងការរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ និងប្លង់លម្អិតនគរូប-នីយកម្មនៃតំបន់ណាមួយនៅក្នុងខណ្ឌសម្រាប់រដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងការងារនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌភាគច្រើនមិនទាន់បានរៀបចំ និងអនុវត្តឱ្យបានពេញលេញនៅឡើយ ដោយសារបញ្ហាកង្វះធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងគ្មានមូលដ្ឋានលើកទឹកចិត្ត ដែលទាមទារ ឱ្យមានការចូលរួម ទាំងកម្រិតគោលនយោបាយ កម្រិត បច្ចេកទេស និងធនធានហិរញ្ញវត្ថុ។ត្រង់ចំនុចនេះ ឯកឧត្ដម សួស ប្រាថ្នា សូមធ្វើការគូសបញ្ជាក់ថា ការកង្វះធនធានមនុស្សដោយសារមន្រ្តី បច្ចេកទេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ មិនទាន់មានជំនាញ គ្រប់គ្រាន់ ក្នុងការធ្វើផែនការរូបវន្ត និងសមត្ថភាពប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថលនៅមានកម្រិត ដែលទាមទារឱ្យមានការបណ្ដុះបណ្ដាល និងការគាំទ្រផ្នែកបច្ចេកវិទ្យា ពីថ្នាក់ជាតិ។ ចំពោះការកង្វះផ្នែកបច្ចេកទេសរួមមានទិន្នន័យដីធ្លីដែលប្រើប្រាស់ បច្ចេកវិទ្យា ទំនើបនិងត្រឹមត្រូវ ទិន្នន័យផែនទី ឯកសារកាន់កាប់ដី ផែនទីព្រំប្រទល់រដ្ឋបាល និងឧបករណ៍បច្ចេកទេស វាស់វែង។ មួយវិញទៀត ការបង្វះថវិកាសម្រាប់ធ្វើការសិក្សា សម្រាប់បោះពុម្ពផ្សព្វផ្សាយ និងការធ្វើបច្ចុប្បន្នភាពផែនការប្រើប្រាស់ដី ការផ្ដល់ថវិកាពីថ្នាក់ជាតិ មិនបានគ្រប់គ្រាន់តាមតម្រូវការ ។ ជារួមបញ្ហាសំខាន់ៗ គឺកង្វះ ទិន្នន័យនិងបច្ចេកទេស កង្វះបុគ្គលិកជំនាញ កង្វះថវិកា កង្វះការសហការពីគ្រប់ភាគីពាក់ព័ន្ធ និង គ្មានការចូលរួម ពីប្រជាពលរដ្ឋ។
– បើទោះបីជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់មួយចំនួនមានផែនការរូបវន្តរួចហើយ ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍បច្ចុប្បន្ន មិនទាន់មានសណ្តាប់ធ្នាប់ របៀបរៀបរយនិងគោរពតាមផែនការរូបវន្តទាំងនោះនៅឡើយ
– ការរៀបចំ និងការអនុវត្តផែនការរូបវន្ត ជាពិសេសពាក់ព័ន្ធនឹងផែនការហេដ្ឋារចនាសម្ព័ន្ធ ពិតជាបាន ប៉ះពាល់ ដី ឬ សំណង់ កម្មសិទ្ធិ ឬ ដី ភោគៈ របស់ ពលរដ្ឋ ដែលត្រូវរងការតវ៉ា និងតម្រូវការ ដោះស្រាយ គោលនយោបាយ ឬសំណងសមរម្យដែលបង្កើនបន្ទុកបន្ថែមសម្រាប់រដ្ឋ និង ខូចខាត អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ
– បើទោះបីជា ផែនការរូបវន្តត្រូវបានអនុម័តជាបន្តបន្ទាប់ក្តី ប៉ុន្តែយន្តការតាមដាន ត្រួត-ពិនិត្យ និងវាយ តម្លៃលើការអនុវត្តផែនការរូបវន្តនៅមានកម្រិតនៅឡើយ។ ទន្ទឹមនេះ ផែនការរូបវន្តទាំងនោះក៏ត្រូវទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពឡើងវិញជារៀងរាល់៥ឆ្នាំម្តង ដើម្បីអាចឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សង្គម និងតម្រូវការជាក់ស្ដែងនៅមូលដ្ឋានដែលកំពុងមានការអភិវឌ្ឍរីកចម្រើនជារៀងរាល់ឆ្នាំ។

៦. សំណើ និងសំណូមពរ
– ជំរុញការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ និងថ្នាក់តំបន់សម្រាប់ជាមូលដ្ឋានតម្រង់ទិសការ រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ក្រោមជាតិ– ពិនិត្យកែសម្រួលនីតិវិធី និងបទដ្ឋានបច្ចេកទេសមួយចំនួនឡើងវិញ (បច្ចេកទេស លំហូរ និងនីតិវិធីនៃការសិក្សា, ការពិនិត្យ និងវាយតម្លៃ, ការលើកសំណើ, ការអនុម័ត, ការកែ-សម្រួលជាដើម) ដើម្បីឱ្យមានភាពសាមញ្ញ និងងាយស្រួល ក្នុងការអនុវត្ត ព្រមទាំងពិនិត្យលទ្ធភាពដាក់ចេញនូវសេចក្តីណែនាំបច្ចេកទេសលម្អិតក្នុងការកសាង ផែនការរូបវន្តនៅថ្នាក់ក្រោមជាតិ
– ការពិនិត្យលទ្ធភាពក្នុងការផ្តល់ភាពជាម្ចាស់ទៅថ្នាក់ក្រោមជាតិ ក្នុងការអនុម័តផែនការរូបវន្ត៖
+ ប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលបច្ចុប្បន្នអនុម័តដោយ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ(គ.ដ.ន.ជ.) គួរធ្វើប្រតិភូកម្ម ឱ្យ ទៅគណៈ-កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ជាអ្នកអនុម័ត ដោយ ស្នើសុំអនុលោមភាពពី គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ(គ.ដ.ន.ជ.)
+ ផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ដែលបច្ចុប្បន្នអនុម័តដោយគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត អាចពិនិត្យលទ្ធភាពធ្វើប្រតិភូកម្ម ឱ្យ ទៅគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ក្រុង ស្រុក ខណ្ឌ ជាអ្នកអនុម័ត ដោយស្នើសុំអនុលោមភាព ពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត
– ស្នើសុំរៀបចំវគ្គបណ្ដុះបណ្ដាល និងបង្កើនសមត្ថភាពជំនាញ ដល់មន្រ្តី បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានចំណេះជំនាញ ពាក់ព័ន្ធនឹង ការសិក្សារៀបចំផែនការ រៀបចំដែនដី ប្លង់គោលប្រើប្រាស់ដីផែនការប្រើប្រាស់ដី និង បច្ចេកវិទ្យា ផែនទី ព្រមទាំង ផ្ដល់ឧបករណ៍ បច្ចេកទេស សម្រាប់មន្រ្តីបំពេញការងារ
– ស្នើសុំថវិកាបន្ថែមប្រចាំឆ្នាំសម្រាប់គាំទ្រដល់ការរៀបចំផែនការរូបវន្តទាំងបីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ សូមស្នើសដល់ដៃគូអភិវឌ្ឍន៍ជួយផ្នែកបច្ចេកទេស និងថវិកាផងដែរ៕

     

អត្ថបទដែលជាប់ទាក់ទង