ឥណ្ឌូនេស៊ី សម្រេចផ្អាកការចុះឈ្មោះរបស់ TikTok ជាអ្នកផ្តល់សេវាប្រព័ន្ធអេឡិចត្រូនិក

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ឥណ្ឌូនេស៊ី បានសម្រេច ផ្អាកការចុះឈ្មោះរបស់ TikTok ជាអ្នកផ្តល់សេវាប្រព័ន្ធអេឡិចត្រូនិក ដោយសារក្រុមហ៊ុនបណ្តាញសង្គមដ៏ធំនេះ បរាជ័យក្នុងការប្រគល់ទិន្នន័យពេញលេញ ទាក់ទងនឹងការប្រើប្រាស់មុខងារផ្សាយផ្ទាល់ (live stream) របស់ខ្លួន។
ការផ្អាកនេះកើតឡើងបន្ទាប់ពី លោក Alexander Sabar មន្ត្រីនៅក្រសួងទូរគមនាគមន៍ និងឌីជីថល បានចេញសេចក្តីថ្លែងការណ៍ថា គណនីមួយចំនួនដែលមានទំនាក់ទំនងនឹង សកម្មភាពល្បែងអនឡាញ បានប្រើមុខងារផ្សាយផ្ទាល់របស់ TikTok ដើម្បីរកប្រាក់ចំណូល ខណៈដែលការតវ៉ាថ្នាក់ជាតិបានផ្ទុះឡើងកាលពីចុងខែសីហាដល់ខែកញ្ញា។
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានស្នើសុំទិន្នន័យស្តីពីចរាចរណ៍ ការផ្សាយផ្ទាល់ និងការរកប្រាក់ចំណូលពីក្រុមហ៊ុន TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ចិន ដើម្បីត្រួតពិនិត្យ។
ទោះជាយ៉ាងណា លោក Sabar បានបញ្ជាក់ថា ក្រុមហ៊ុន«គ្រាន់តែផ្តល់ទិន្នន័យមួយផ្នែកប៉ុណ្ណោះ ដោយលើកឡើងពីនីតិវិធីផ្ទៃក្នុងរបស់ខ្លួន»។ លោកបានសង្កត់ធ្ងន់ថា៖«ដូច្នេះ ក្រសួងទូរគមនាគមន៍ និងឌីជីថលបានចាត់ទុក TikTok ថាបានបំពានកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកផ្តល់សេវាអេឡិចត្រូនិកឯកជន» ស្របតាមបទប្បញ្ញត្តិដែលតម្រូវឲ្យក្រុមហ៊ុនដែលបានចុះឈ្មោះទាំងអស់ត្រូវប្រគល់ទិន្នន័យទៅរដ្ឋាភិបាល។
គួរជម្រាបថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ខ្លួននៅតែ «អាចចូលប្រើកម្មវិធីនេះបានជាធម្មតានៅថ្ងៃសុក្រ» ហើយនៅមិនទាន់ច្បាស់នោះទេថាតើការចូលប្រើ TikTok ទាំងមូលត្រូវបានបិទទាំងស្រុងឬអត់នោះទេ។ ក្រុមហ៊ុន TikTok ដែលមានគណនីជាង ១០០ លាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ៕
