លោក ដូណាល់ ត្រាំ នឹងជួយធានាសន្តិភាព បន្ទាប់ពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនបិទបញ្ចប់

វ៉ាស៉ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងជួយធានាសន្តិភាព បន្ទាប់ពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បិទបញ្ចប់។
បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ត្រាំ គូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីសង្រ្គាមនេះចប់សព្វគ្រប់ យើងនឹងជួយធានាសន្តិភាព ហើយខ្ញុំគិតថានៅទីបំផុត វានឹងអាចកើតឡើង»។
លោក ត្រាំ ក៏ទទួលស្គាល់ដែរថា ការជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនគឺលំបាកជាងការរំពឹងទុក ហើយថាលោកមានការខកចិត្តខ្លាំងចំពោះលោក ពូទីន ប្រធានាធិបតីរុស្ស៉ី និងបានរំលឹកឡើងវិញពីថ្ងៃកំណត់សម្រាប់ទីក្រុងមូស្គូ ដើម្បីសម្រេចកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ឬត្រូវប្រឈមមុខនឹងទណ្ឌកម្ម។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែសីហា លោក ត្រាំ បានជួបលោក ពូទីន នៅឯរដ្ឋ Alaska ដែលសេតវិមានចាត់ទុកជាកិច្ចប្រជុំមួយដើម្បីសន្តិភាព ប៉ុន្តែមិនសម្រេចបានលទ្ធផលធំដុំនោះទេ៕

