ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល និងឯកឧត្តម ហេង ណន អញ្ជើញចុះពិនិត្យសិក្សា និងវាយតម្លៃទីតាំងផ្ទាល់ សម្រាប់គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

កំពង់ចាម៖នៅព្រឹកថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស ធ្វេីការចុះពិនិត្យសិក្សា និងវាយតម្លៃទីតាំងសម្រាប់គម្រោងសាងសង់កំពង់ផែទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម។
គួរបញ្ជាក់ផងដែរថា ដោយសារខេត្តកំពង់ចាមមានសក្ដានុពលផ្នែកទន្លេសម្រាប់ទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកកម្សាន្ត ក៏ដូចជានាវាទេសចរណ៍អន្តរជាតិ ចូលមកសំចតរយៈពេលយូរ ដើម្បីភ្ញៀវទេសចរណ៍អន្តរជាតិអាចកម្សាន្តតាមរមណីយដ្ឋាននានាជុំវិញខេត្ត និងអាចបន្តទៅកម្សាន្តនៅខេត្តនានាផ្សេងទៀត ហើយកំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព សោភណភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត។
យ៉ាងណាក្ដីក្រុមការងារបច្ចេកទេសនឹងបន្តសិក្សាលម្អិតបន្ថែមពីលក្ខណៈបច្ចេកទេស លំហូរផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គនានាដែលអាចកើតឡើងលើផ្លូវនាវាចរ ឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីសាងសង់កំពង់ផែទេសចរណ៍ ក្រុងកំពង់ចាមនេះឱ្យមានភាពល្អប្រសើរ៕

