អភិបាលខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយ ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា

សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នេលី ហ្គូសាយនី ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) និងសហការី នៅសាលាខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) គឺជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិធ្វើការពាក់ព័ន្ធនឹងបញ្ហាទេសន្តរប្រវេសន៍ហេីយមានវត្តមាននៅកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ និងអនុវត្តកម្មវិធីពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ រួមមាន ការពង្រឹងសមត្ថភាព ការផ្ដល់ប្រឹក្សា និងកិច្ចសហប្រតិបត្តិការបច្ចេកទេសអំពីបញ្ហាទេសន្តរប្រវេសន៍ សុខភាពជនទេសន្តរប្រវេសន៍ ជំនួយផ្នែកអន្តោប្រវេសន៍ និងបរិស្ថានដល់ជនភៀសខ្លួនក្នុងប្រទេស និងក្រៅប្រទេស និងសកម្មភាពជួយជនទេសន្តរប្រវេសន៍វិលត្រលប់ផ្សេងៗទៀត។
ជាមួយគ្នានោះ អង្គការ IOM បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ក្នុងការជម្រុញ ឱ្យមានទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ស្របច្បាប់ និងសេចក្ដីថ្លៃថ្នូរ និងធានាបាននូវការការពារ និងសុខុមាលភាពរបស់ជនទេសន្តរប្រវេសន៍ និងសហគមន៍រងផលប៉ះពាល់ទូទាំងប្រទេសកម្ពុជា ដោយមានកិច្ចសហការយ៉ាងល្អប្រសេីរតាំងពីថ្នាក់ជាតិរហូតមកដល់ថ្នាក់ក្រោមជាតិ ព្រមទាំងនៅមូលដ្ឋានផ្ទាល់តែម្តង។
ដោយឡែកចំពោះខេត្តសៀមរាប អង្គការ IOM បានអនុវត្តសកម្មភាពជាច្រេីនរួមមាន ៖
-សិក្សាស្រាវជ្រាវស្ដីពីបម្រែបម្រួលអាកាសធាតុ និងទេសន្តរប្រវេសន៍
-ការចែកកញ្ចប់ជំនួយបន្ទាន់ដល់ក្រុមគ្រួសារជនភៀសសឹកនៅទីស្នាក់នៅបណ្ដោះអាសន្ត
-ការគាំទ្រជនទេសន្តរប្រវេសន៍ក្នុងការអភិវឌ្ឍជំនាញ រួមមានជំនាញបដិសណ្ឋារកិច្ច សំណង់ អគ្គិសនី តបណ្ដាញទឹក នៅសាលាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET)
-កម្មវិធីទទួលស្គាល់ជំនាញរបស់ពលករវិលត្រលប់
-ការផ្សព្វផ្សាយអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព
-ពិពរណ៍ការងារ
-ការចែកបរិក្ខារអនាម័យនៅមណ្ឌលចត្តាឡីស័ក (កូវីដ-១៩)
-ការប្រគល់ឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រជូនមណ្ឌលសុខភាពដែលជាទីតាំងព្យាបាលជំងឺកូវីដ
-ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលជួរមុខអំពីការគ្រប់គ្រង និងការពារជំងឺឆ្លង ព្រមទាំងការគ្រប់គ្រងសំណល់នៅក្នុងមណ្ឌលចត្តាឡីស័ក
-កម្មវិធីកសាងជីវភាពរស់នៅឡើងវិញ ដោយសហការជាមួយអង្គការដៃគូររួមមាន Caritas និង World Vision (បង្រៀនអំពីវិធីបង្កើតអាជីវកម្មខ្នាតតូច ដាំបន្លែ ចិញ្ចឹមសត្វ
-យុទ្ធនាការផ្សព្វផ្សាយអំពីការគ្រប់គ្រងសំណល់ដល់សហគមន៍ពលករវិលត្រឡប់។
ទន្ទឹមនោះ លោកស្រី នេលី ហ្គូសាយនី ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅព្រមទាំងបានកោតសសេីរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្របសម្រួល និងរៀបចំទីតាំងសុវត្ថិភាពសម្រាប់បងប្អូនជនភៀសសឹកមកស្នាក់នៅប្រកបដោយសុវត្ថិភាព និងប្រកបដោយអនាម័យ ព្រមទាំងបានផ្តល់ការឧបត្ថម្ភគាំទ្រជាសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគ។ ជាមួយគ្នានោះ ការរៀបចំទទួល និងដឹកជញ្ជូនពលករដែលបានត្រឡប់មកប្រទេសកម្ពុជាដល់ស្រុកកំណេីត ការរៀបចំឯកសារអត្រានុកូលដ្ឋាននានា និងផ្តល់ការងារតាមជំនាញដែលមាន បានយ៉ាងល្អប្រសេីរ។
ជាមួយគ្នានេះ លោកស្រី បានបន្ថែមអំពីការរៀបចំការអនុវត្តការងារខាងលេីនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសង្វាក់ការងារបានយ៉ាងល្អបំផុត តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់មូលដ្ឋាន។
ក្នុងជំនួបនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ IOM ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ ព្រមទាំងបានសហការយ៉ាងល្អ ក្នុងការជួយគាំទ្រដល់កិច្ចគាំពារសង្គមនាពេលកន្លងមក ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវ និងសំណូមពរដល់លោកស្រី នេលី ហ្គូសាយនី ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) និងសហការី បន្តជួយគាំទ្រដល់រដ្ឋបាលខេត្តសៀមរាប សំដៅធ្វេីអោយប្រសេីរឡេីងនូវតម្រូវការជាក់ស្តែងនៅថ្នាក់មូលដ្ឋាន៕

