អ៊ីស្រាអែល បានបើកដំណាក់កាលសំខាន់នៃប្រតិបត្តិការវាយលុកតាមផ្លូវគោក

បរទេស៖ អ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានបើកដំណាក់កាលសំខាន់នៃប្រតិបត្តិការវាយលុកតាមផ្លូវគោកដែលរង់ចាំជាយូរមកហើយរបស់ខ្លួនលើទីក្រុងហ្កាហ្សា ដោយប្រកាសថា «ហ្កាហ្សាកំពុងឆាបឆេះ» ខណៈប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់បានពិពណ៌នាថា នេះជាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតដែលពួកគេមិនធ្លាប់ជួបប្រទះពីមុនមក ក្នុងសង្គ្រាមរយៈពេលពីរឆ្នាំមកនេះ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានសរសេរនៅលើបណ្ដាញសង្គម X ថា «ហ្កាហ្សាកំពុងឆេះ»។ លោកបានបន្ថែមថា «កងកម្លាំងអ៊ីស្រាអែល (IDF) កំពុងវាយប្រហារដោយកណ្ដាប់ដៃដែកទៅលើហេដ្ឋារចនាសម្ព័ន្ធភេរវករ ហើយកំពុងប្រយុទ្ធយ៉ាងក្លាហានដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំង និងការកម្ចាត់ក្រុមហាម៉ាស»។
ស្របពេលជាមួយគ្នានេះ មន្ត្រីកងកម្លាំងការពារអ៊ីស្រាអែលម្នាក់បានឱ្យដឹងថា កងទ័ពជើងគោកកំពុងចល័តទ័ពចូលកាន់តែជ្រៅទៅក្នុងទីក្រុង ឆ្ពោះទៅកាន់មជ្ឈមណ្ឌលរបស់វា ហើយចំនួនទាហាននឹងកើនឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីប្រឈមមុខនឹងសកម្មប្រយុទ្ធហាម៉ាសប្រមាណ ៣,០០០នាក់ ដែល IDF ជឿថានៅតែមាននៅក្នុងទីក្រុង។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះគឺជាការកើនឡើងកម្ដៅដ៏ធ្ងន់ធ្ងរមួយនៃជម្លោះ ហើយត្រូវបានគេមើលឃើញថា ជាការចាប់ផ្តើមនៃដំណាក់កាលដ៏គ្រោះថ្នាក់បំផុតនៃសង្គ្រាមរយៈពេលពីរឆ្នាំមកនេះ ដែលអាចនឹងបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅយ៉ាងកុះករមួយនេះ៕
