លោក Rubio៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជានឹងជួបប្រធានាធិបតីអ៊ុយក្រែន នាសប្តាហ៍ក្រោយ

ហ៊្សេរុយសាឡិម៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៦ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ ទំនងជានឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាសប្តាហ៍ក្រោយ ហើយលោក ត្រាំ នៅតែសង្ឃឹមថា នឹងអាចជួយសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព រវាងទីក្រុងកៀវនិងទីក្រុងមូស្គូ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសអ៉ីស្រាអែល លោក Rubio បាននិយាយថា មកទល់ពេលនេះ លោក ត្រាំ បាននិយាយទូរសព្ទប៉ុន្មានលើកហើយ ជាមួយលោក ពូទីន ព្រមទាំងបើកជំនួបផ្ទាល់ប៉ុន្មានលើកផងដែរ ជាមួយលោក ហ្សេលេនស្គី ហើយក៏អាចនឹងមានជំនួប ជាមួយលោកប្រធានាធិបតីអ៊ុយក្រែនសាជាថ្មីម្តងទៀត នៅទីក្រុង New York នាសប្តាហ៍ក្រោយ។
លោក Rubio បានបន្តថា លោក ត្រាំ នឹងបន្តព្យាយាម ព្រោះប្រសិនសន្តិភាពអាចទៅរួច រូបលោកចង់ជួយសម្រេចវាឱ្យបាន។
គួរបញ្ជាក់ថា កាលពីមួយខែកន្លងទៅ លោក ត្រាំ បានទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯរដ្ឋ Alaska ខណៈវាគឺជាលើកដំបូងបំផុត ដែលមេដឹកនាំលោកខាងលិច បានអនុញ្ញាតឱ្យមេដឹកនាំរុស្ស៉ីរូបនេះ ទៅបំពេញទស្សនកិច្ច គិតតាំងពី លោកបានបញ្ជាកងទ័ពឱ្យចូលឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំ២០២២មក។ ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលលោក ពូទីន លោក ត្រាំ ក៏បានជួបពិភាក្សាជាមួយលោក ហ្សេលេនស្គី និងក្រុមមេដឹកនាំអឺរ៉ុបថែមទៀត នៅសេតវិមាន៕

