ខនហ្វីរេល បើកសម្ពោធទីតាំងសិប្បកម្មកែច្នៃម្សៅប្រហុក នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច លើកទី៣ រយៈពេល៤ថ្ងៃ សម្រាប់ការបិទបញ្ចប់គម្រោង CAPFISH-Capture អ្នកសារព័ត៌មានប្រមាណ២៣អង្គភាព រួមទាំងអង្គការស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃដំបូង បានចុះទៅកាន់សិប្បកម្មផលិត និងកែច្នៃផលិតផលជលផល ខនហ្វីរេល ដែលស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជនីភ្នំពេញ។
ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន លើកទី៣នេះ ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ក្នុងនោះក៏មានវត្តមានចូលរួមរបស់លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) និងសហការី រួមជាមួយតំណាងពីសហភាពអឺរ៉ុប EU និងតំណាងរដ្ឋបាល ជលផល FiA ផងដែរ។
កម្មវិធីនេះគឺជាឱកាសសម្រាប់ អ្នកសារព័ត៌មានបានចុះជួបផ្ទាល់ ផ្តិតរូបភាពពីខ្សែច្រវាក់ផលិតកម្មកែច្នៃប្រហុក បង្កើនការផ្សព្វផ្សាយដល់សាធារណជន អំពីផលិតផលរបស់ខ្មែរ ដែលមានគុណភាព សុវត្ថិភាព និងប្រកបដោយស្តង់ដារខ្ពស់។
កម្មវិធីទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣នេះ ជាពេលវេលា និងឱកាសចុងក្រោយ ដើម្បីបង្ហាញអំពីសមិទិ្ធផល របស់ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលហិរញ្ញប្បទានពីសហភាពអឺរុប នឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥។
នេះគឺជាលើកទី៣ហើយ ដែលក្រសួង និងអង្គការ UNIDO សហការរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដោយដំណើរទស្សនកិច្ចលើកទី១ រៀបចំធ្វើកាលពី ខែកញ្ញា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចលើកទី២ រៀបចំធ្វើកាលពីខែកក្កដា ឆ្នាំ២០២៤ បានទទួលជោគជ័យគួរជាទីមោទនៈ។
ដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាននេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដើម្បីចុះទៅ រោងចក្រផលិត និងកែច្នៃប្រហុកម៉្សៅ និងសហគ្រាសផ្គត់ផ្គង់ប្រហុក GI (ម៉ាកសម្គាល់ភូមិសាស្រ្ត) ដែលមានវិញ្ញាបនបត្រ CQS ផងដែរ៕

