អ៉ីរ៉ង់នឹងយល់ព្រមដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយរឹតត្បិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ប្រសិនបើទណ្ឌកម្មអន្តរជាតិត្រូវបានដកចេញ

ឡុងដ៍៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បាននិយាយថា អ៉ីរ៉ង់នឹងយល់ព្រមដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយរឹតត្បិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ប្រសិនបើទណ្ឌកម្មអន្តរជាតិត្រូវបានដកចេញ។
លោក Araghchi ធ្វើការកត់សម្គាល់បែបនេះក្នុងអត្ថបទមួយចេញផ្សាយដោយសារព័ត៌មានអង់គ្លេស The Guardian កាលពីថ្ងៃអាទិត្យ ទី៧ ខែកញ្ញា។
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់បានគូសបញ្ជាក់ ដូច្នេះថា «អ៉ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីចុះកិច្ចព្រមព្រៀងយូរអង្វែង និងប្រាកដប្រជាដែលតម្រូវឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងរឹតត្បិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាថ្នូរទៅនឹង ការដកទណ្ឌកម្ម»។ លោកបន្ថែមការខកខានចាប់យកឱកាសនេះ អាចនឹងបង្កជាផលវិបាកដ៏មហន្តរាយសម្រាប់តំបន់ និងពិភពលោក។
គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រមុខការទូតអ៉ីរ៉ង់ត្រូវបានគេមើលឃើញថាជាការបញ្ជូនសារទៅក្រុមប្រទេស E3 រួមមានបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដែលបានចូលរួមក្នុងកិច្ចចរចាជាមួយ អ៉ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់តេហេរ៉ង់។ កាលពីចុងខែសីហា ក្រុមប្រទេស E3 បានដាក់ចេញឡើងវិញនូវយន្ដការដាក់ទណ្ឌកម្ម UN ប្រឆាំងនឹងអ៉ីរ៉ង់ សម្រាប់ការបរាជ័យអនុវត្តតាមការប្ដេជ្ញាចិត្ត របស់ខ្លួនចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលតេហេរ៉ង់បានចុះហត្ថលេខាកាលពីជាងមួយទសវត្សរ៍មុន។ នៅក្រោមយន្ដការអនុវត្តទណ្ឌកម្ម UN ឡើងវិញ E3 បានទុកពេលមួយខែឱ្យអ៉ីរ៉ង់ ដើម្បី ចរចាមុននឹងទណ្ឌកម្មត្រូវបានអនុវត្តឡើងវិញជាផ្លូវការ៕

