រដ្ឋមន្ត្រីការបរទេសអេហ្ស៉ីបថា ការពិពណ៌នាអំពីការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីនថាជាការស្ម័គ្រចិត្ត គឺមិនសមហេតុសមផល

គែរ៖ លោក Badr Abdelatty រដ្ឋមន្ត្រីការបរទេសអេហ្ស៉ីប បាននិយាយនៅថ្ងៃសៅរ៍នេះថា ការពិពណ៌នាអំពីការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីនថាជាការស្ម័គ្រចិត្ត គឺមិនសមហេតុសមផល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ ២០២៥។
អេហ្ស៉ីបជាអ្នកសម្រុះសម្រួលដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា។ លោក Abdelatty បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន លោក Philippe Lazzarini ថា «ប្រសិនបើមានទុរ្ភិក្សនៅហ្កាហ្សា នោះដោយសារតែការជំរុញឱ្យអ្នកស្រុកចេញពីទឹកដីរបស់ពួកគេ។ វាមិនសមហេតុសមផលទេ ក្នុងការនិយាយថានេះគឺជាការផ្លាស់ទីលំនៅដោយស្ម័គ្រចិត្ត»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានគាំទ្រគំនិតដែលថាប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា គួរតែត្រូវបានអនុញ្ញាតឱ្យចាកចេញដោយស្ម័គ្រចិត្ត ហើយស្នើឱ្យប្រទេសផ្សេងទៀតទទួលយកពួកគេ។ នៅថ្ងៃសៅរ៍នេះ យោធាអ៉ីស្រាអែល បានអំពាវនាវឱ្យអ្នករស់នៅទីក្រុង Gaza ចាកចេញទៅភាគខាងត្បូង ហេីយថាកងកម្លាំងរបស់ខ្លួនឈានចូលកាន់តែជ្រៅទៅក្នុងទីក្រុងដ៏ធំបំផុតនៃតំបន់នេះ៕
