ឥណ្ឌាអាចនឹងផលិតនាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ខ្លួន ជាប្រភេទដើរដោយថាមពលនុយក្លេអ៊ែរ

ញូវដែលី៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ឥណ្ឌាអាចនឹងផលិតនាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ខ្លួន ជាប្រភេទដើរដោយថាមពលនុយក្លេអ៊ែរ ហើយក្នុងផែនការដដែលនោះ ក៏រួមបញ្ចូលទាំងមហិច្ឆតាប្រើប្រាស់យន្តហោះចម្បាំងផលិតក្នុងស្រុក ដោយកងទ័ពជើងទឹកឥណ្ឌា ជាលើកដំបូងថែមទៀតផង។
ដោយមានព្រំប្រទល់នៅជាប់ចិននិងប៉ាគីស្ថាន ដែលសុទ្ធតែជាគូប្រជែងយុទ្ធសាស្រ្តធំៗ ទីក្រុងញូវដែលីកំពុងងាកមកផ្តោតលើ ក្រុមហ៊ុនការពារជាតិក្នុងស្រុក ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ហើយកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេសដូចជា រុស្ស៉ី បារាំង និងសហរដ្ឋអាមេរិក។
បច្ចុប្បន្នឥណ្ឌាធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះចម្បាំង២គ្រឿង ក្នុងនោះ១គ្រឿងមានប្រភពដើមមកពីរុស្ស៉ី និង១គ្រឿងទៀតផលិតក្នុងស្រុក។ នាវាផ្ទុកយន្តហោះចម្បាំងគ្រឿងទី៣ ដែលត្រូវបានស្នើឡើង នឹងជានាវាដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាលើកទីមួយសម្រាប់ឥណ្ឌា ខណៈនាវាផ្ទុកយន្តហោចម្បាងប្រភេទនោ មានសមត្ថភាពធ្វើប្រតិបត្តិការបានឆ្ងាយ ហើយលាក់បាំងវត្តមានប្រសើរជាងមុន។
កាលពីខែមេសា ឥណ្ឌាបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសបារាំងក្នុងទំហំទឹកប្រាក់៨ពាន់លានដុល្លារ សម្រាប់យន្តហោះចម្បាំងចំនួន Rafale ២៦គ្រឿង ដើម្បីដាក់ពង្រាយលើនាវាទាំង២គ្រឿង។ ក្នុងផែនការខាងលើ ឥណ្ឌាក៏មានមហិច្ឆតាចង់ប្រើប្រាស់ យន្តហោះចម្បាំងផលិតក្នុងស្រុក នៅលើនាវាផ្ទុកយន្តហោះចម្បាំង នាពេលអនាគតផងដែរ។
គួរបញ្ជាក់ថា ក្នុងឆ្នាំសារពើពន្ធនេះ ឥណ្ឌាបានកំណត់ថវិកាប្រហែល៦.៨ទ្រីលានរូពី គឺខ្ទង់៧៧ពាន់លានដុល្លារអាមេរិក សម្រាប់ការពារជាតិ។ បើតាមធនាគារពិភពលោក មហាយក្សអាស៉ីមួយនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងរុស្ស៉ី ក្នុងការចំណាយថវិកាលើវិស័យការពារជាតិ៕
