ថៃតែងតាំងមេបញ្ជាការយោធភូមិភាគ២ថ្មី ជំនួស ប៊ុនស៊ីន ផាដក្លាង

បាងកក៖ ថៃបានតែងតាំងមេបញ្ជាការយោធភូមិភាគ២ថ្មី ជំនួស ប៊ុនស៊ីន ផាដក្លាង ដែលតែងតែបង្កបញ្ហាដាក់កម្ពុជាហើយនោះគឺ លោក វីរយុទ្ធ រ័កសីល្ប៍។
សូមជម្រាបថា លោក វីរយុទ្ធ រ័កសីល្ប៍ គឺជាមេបញ្ជាការរងតំបន់កងទ័ពជើងគោកប្រចាំតំបន់ភូមិភាគ២ ទទួលបន្ទុកប្រតិបត្តិការ និងស៊ើបការណ៍។ យ៉ាងណា រាសីរបស់លោកឡើងតាមជើងខោឬដោយសមត្ថភាព? លោក វីរយុទ្ធ នឹងត្រូវបានតែងតាំងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ផាដក្លាង។
គួររំឭកថា ដំណាក់កាលដំបូងនៃសង្គ្រាមព្រំដែនកម្ពុជា-ថៃ លោក វីរយុទ្ធ ក៏ត្រូវបានតែងតាំងជាប្រធានបញ្ជាការដ្ឋានជួរមុខនៃតំបន់កងទ័ពភូមិភាគ២ ដែលបង្កើតឡើងដើម្បីដោះស្រាយស្ថានការណ៍នៅតំបន់ឆងបក និងតាមដានចលនាកងទ័ព។ ថ្មីនេះ លោកក៏បានទទួលភារៈចុះត្រួតពិនិត្យភាពតានតឹងនៅភូមិណងចាន់ផងដែរ។
លោក វីរយុទ្ធ ជាអតីតនិស្សិតបញ្ចប់ការសិក្សាជំនាន់ទី២៦ នៃសាលាត្រៀមរៀបចំកងទ័ពភូមិន្ទ ពោលគឺចេញពីជំនាន់ជាមួយ លោក ប៊ុនស៊ីន ដូចគ្នា។ គេនៅចាំបានថា លោក វីរយុទ្ធ ក៏ធ្លាប់ជាសមាជិករាជបណ្ឌិតសភាយោធាចុលចមក្លៅ (จุลจอมเกล้า) ដ៏មានកិត្យានុភាព ហើយលោកក៏បានបានបញ្ចប់ការសិក្សានៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ឬដើមទសវត្សរ៍ឆ្នាំ១៩៩០។ លើសពីនេះ លោកក៏ធ្លាប់បានចូលរៀននៅមហាវិទ្យាល័យអគ្គបញ្ជាការ និងអគ្គសេនាធិការកងទ័ពភូមិន្ទថៃផងដែរ។
មុននឹងក្រសោបបានតំណែងមេបញ្ជាការយោធភូមិភាគ២ លោកធ្លាប់បានចូលកាន់តួនាទី ជា កង អនុសេនា តូច និង ជា មេ បញ្ជាកាកង ពល ថ្មើរ ជើង និងមានទំនាក់ ទំនងនៅ ក្នុង កងពល មួយ ដែល មាន ទំនាក់ ទំនង ជាមួយកង ទ័ព ជើង គោក ទី ២។ ក្រោយៗមកទៀត លោកបានកាន់ដំណែងជាមេបញ្ជាការកងវរសេនាតូចថ្មើរជើងទី៦, មេបញ្ជាការកងវរសេនាធំថ្មើរជើងទី៣, និងមេបញ្ជាការកងពលធំថ្មើរជើងទី១២។ បន្តរហូតដល់ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន លោកបានកាន់តំណែងជាមេបញ្ជាការរងប្រចាំតំបន់ភូមិភាគ២។ យ៉ាងណា នៅថ្ងៃទី១ ខែតុលា តំណែងមេបញ្ជាការយោធភូមិ២ នឹងធ្លាក់ទៅក្នុងកណ្តាប់ដៃ លោក វីរយុទ្ធ រ័កសីល្ប៍ ជាផ្លូវការ ខណៈមេទ័ពថៃរូបនេះ មានចិត្តគំនិតមិនខុសឆ្ងាយពីលោក ប៊ុនស៊ីន ផាដក្លាង ប៉ុន្មានទេ ចំពោះទំនាក់ទំនងជាមួយកម្ពុជា៕

