អ្នកនាំពាក្យក្រសួងការបរទេស៖ រុស្ស៉ីគ្មានផែនការពិភាក្សាអំពីចំណុចដែលថាយោធាបរទេស នឹងត្រូវដាក់ពង្រាយនៅអ៊ុយក្រែនទេ ទោះក្នុងទម្រង់អ្វីក៏ដោយ

មូស្គូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយថា រុស្ស៉ីគ្មានផែនការពិភាក្សាអំពីចំណុចដែលថាយោធាបរទេស នឹងត្រូវដាក់ពង្រាយនៅអ៊ុយក្រែនទេ ទោះក្នុងទម្រង់អ្វីក៏ដោយ ហើយវាជារឿងមិនអាចទទួលយកបានឡើយ។
លោកស្រី Zakharova បានបញ្ចេញមតិឆ្លើយតបចំពោះការអត្ថាធិប្បាយ ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីផែនការបញ្ជូនកងទ័ពអឺរ៉ុបទៅអ៊ុយក្រែន ដោយប្រាប់ក្រុមអ្នកកាសែតដូច្នេះថា «រុស្ស៉ី នឹងមិននិយាយពីកិច្ចអន្តរាគមន៍របស់បរទេសនៅអ៊ុយក្រែនក្នុងទម្រង់ ឬក្រោមលក្ខខណ្ឌជាមូលដ្ឋាន និងសន្តិសុខណាមួយឡើយ»។
គួរបញ្ជាក់ថា ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីចុងសប្តាហ៍មុន លោកស្រី von der Leyen បាននិយាយថា អឺរ៉ុបកំពុងរៀបចំផែនការដាល់ពង្រាយ កងទ័ពចម្រុះជាតិសាសន៍ទៅអ៊ុយក្រែន ជាផ្នែកមួយនៃការធានាសន្តិសុខក្រោយសង្រ្គាម ហើយក៏នឹងមានការគាំទ្រពីសហរដ្ឋអាមេរិកផងដែរ៕

