EU៖ ការចំណាយទៅលើវិស័យយោធាក្នុងសហភាពអឺរ៉ុប ត្រូវបានរំពឹងថា នឹងកើនដល់៣៨១ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ២០២៥នេះ

ព្រុចសែល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ទីភ្នាក់ងារការពារជាតិរបស់សហភាពអឺរ៉ុប (EU) នាថ្ងៃអង្គារ ទី២ ខែកញ្ញា បាននិយាយថា ការចំណាយទៅលើវិស័យយោធាក្នុងសហភាពអឺរ៉ុប ត្រូវបានរំពឹងថា នឹងកើនដល់៣៨១ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ២០២៥នេះ ដែលជាកំណត់ត្រាថ្មីមួយទៀត ស្របពេលដែលក្រុមប្រទេសអឺរ៉ុប នាំគ្នាព្យាយាមទប់ស្កាត់នូវអ្វីដែលពួកគេចាត់ទុកថា ជាការគំរាមកំហែងពីរុស្ស៉ី។
ទីភ្នាក់ងារការពារជាតិរបស់ EU បានបន្ថែមថា ក្នុងចំណោមថវិកាដ៏ច្រើនសម្បើមខាងលើ គឺជិត១៣០ពាន់លានអឺរ៉ូ បាននិងកំពុងត្រូវចំណាយទៅលើ ការវិនិយោគផ្សេងៗ ដូចជាសព្វាវុធថ្មីៗជាដើម។ ក្រុមប្រទេសអឺរ៉ុប បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លាពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២មក។
គួរបញ្ជាក់ថា ការកើនឡើងថ្មីក្នុងអត្រាខ្ទង់១០ភាគរយនេះ គឺចំពេលដែលបណ្តាសមាជិកអឺរ៉ុបនៃអង្គការ NATO បានប្តេជ្ញាបង្កើនឱ្យច្រើន នូវការចំណាយរបស់ពួកគេ ក្រោមការដាក់សម្ពាធពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ប្រមុខគោលនយោបាយ EU លោកស្រី Kaja Kallas ក៏បានលើកឡើងដែរថា «អឺរ៉ុបកំពុងតែចំណាយថវិកាច្រើនមិនធ្លាប់លើវិស័យការពារជាតិ ដើម្បីការពារសុវត្ថិភាពប្រជាជនរបស់យើង ហើយពួកយើងនឹងមិនឈប់ត្រឹមនេះទេ»៕

