អង់គ្លេស ដាក់ចេញនូវជំនួយមូលនិធិសង្គ្រោះបន្ទាន់ សម្រាប់អ្នកដែលរងផលប៉ះពាល់ពីការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន

ឡុងដ៏៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ ២០២៥ ចក្រភពអង់គ្លេស បានដាក់ចេញនូវជំនួយមូលនិធិសង្គ្រោះបន្ទាន់ សម្រាប់អ្នកដែលរងផលប៉ះពាល់ពីការរញ្ជួយដីថ្មីៗ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តាមរយៈដៃគូរបស់ខ្លួន ដើម្បីធានាថាជំនួយនេះ នឹងមិនធ្លាក់ទៅក្នុងដៃរដ្ឋាបាលតាលីបង់។
រដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ថវិកា ១កានផោន ឬ ១.៥លានដុល្លារអាមេរិកនឹងត្រូវបែងចែក ទៅក្នុងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ក៏ដូចជាកាកបាទក្រហមអន្តរជាតិ (IFRC) ដើម្បីផ្តល់ការថែទាំចម្បងៗផ្នែកសុខភាព និងផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ដល់អាហ្វហ្គានីស្ថាន។
រដ្ឋមន្រ្តីការបរទេស លោក David Lammy បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា «ចក្រភពអង់គ្លេសនៅតែប្តេជ្ញាចិត្ត ចំពោះប្រជាជនអាហ្វហ្គានីស្ថាន ហើយការផ្តល់មូលនិធិសង្គ្រោះបន្ទាន់នេះ នឹងសម្រាប់ប្រជាជនដែលរងគ្រោះខ្លាំងបំផុត»។
គួរបញ្ជាក់ថា គ្រោះមហន្តរាយរញ្ជួយដីនៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ បានបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ជាង ៨០០នាក់ និងរបួសយ៉ាងហោចណាស់ ២ ៨០០នាក់ ខណៈប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សកំពុងបន្ត៕

