នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានបំណងរៀបចំកិច្ចប្រជុំ RCEP នៅក្នុងខែតុលា

កូឡាឡាំពួ៖ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃ២៧សីហា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា លោកមានបំណងរៀបចំកិច្ចប្រជុំកំពូលនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហៅកាត់ថា RCEP នៅក្នុងខែតុលា។
RCEP ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានគាំទ្រដោយប្រទេសចិន ហើយរួមបញ្ចូលប្រទេសសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ជាសមាជិក រួមមាន៖អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងប្រទេសចំនួន១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានបច្ចុប្បន្ន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្លុក និងដៃគូក្នុងតំបន់របស់ខ្លួនក្នុងខែតែមួយ ជាមួយនឹងកិច្ចប្រជុំ RCEP ដែលបានគ្រោងទុក។
លោក អាន់វ៉ា មានប្រសាសន៍ថា៖«គោលបំណងនៃការប្រមូលផ្តុំ RCEP គឺដើម្បីឆ្លុះបញ្ចាំង ពន្លឿនការអនុវត្ត និងបង្ហាញថាអាស៊ីអាចបន្តដឹកនាំបុព្វហេតុនៃការបើកចំហ»។ RCEP ដែលចូលជាធរមានក្នុងឆ្នាំ២០២២ មានគោលបំណងកាត់បន្ថយពន្ធ ជំរុញការវិនិយោគ និងអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរទំនិញដោយសេរីនៅក្នុងតំបន់៕
