នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូង អះអាងសារជាថ្មីអំពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសជិតខាងអាស៊ីបូព៌ាទាំងពីរ

តូក្យូ៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអះអាងសារជាថ្មីអំពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសជិតខាងអាស៊ីបូព៌ាទាំងពីរ នេះ មុនពេលមានកិច្ចប្រជុំរវាងលោក Lee និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាថ្ងៃចន្ទ។ នៅថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥។
ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅជប៉ុន លោក Lee បានជួបលោក Ishiba នៅឯវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងត្រីភាគី ដែលបានចុះហត្ថលេខាដោយមេដឹកនាំមុនៗ។
លោក Ishiba បាននិយាយថា «ទំនាក់ទំនងដែលមានស្ថិរភាព ផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់របស់យេីង ហេីយវាក៏សំខាន់ផងដែរដែលយើងត្រូវពង្រឹងសម្ព័ន្ធភាពត្រីភាគីជាមួយសហរដ្ឋអាមេរិក»។ ចំណែក លោក Lee និយាយថា «ដោយសារសណ្តាប់ធ្នាប់អន្តរជាតិបានប្រែប្រួលនាពេលថ្មីៗនេះ ជុំវិញបញ្ហាពាណិជ្ជកម្ម សន្តិសុខ ខ្ញុំគិតថា កូរ៉េខាងត្បូង និងជប៉ុន គួរតែពង្រឹងកិច្ចសហប្រតិបត្តិការគ្នាជាងពេលណាៗទាំងអស់»។
គួរបញ្ជាក់ថា ទោះបីជាមានភាពខ្វែងគំនិតគ្នាលេីបញ្ហាប្រវត្តិសាស្រ្ត ក៏សម្ព័ន្ធមិត្តអាមេរិកទាំងពីរនេះពឹងផ្អែកយ៉ាងខ្លាំងលើទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងការកេីនឡេីងឥទ្ធិពលចិននៅក្នុងតំបន់។ ជប៉ុន និងកូរ៉េខាងត្បូង ក៏មានមូលដ្ឋានរួមគ្នាលើបញ្ហាពាណិជ្ជកម្មផងដែរ ដោយប្រទេសទាំងពីរបានយល់ព្រមលើការយកពន្ធ ១៥ភាគរយលើការនាំចូលទំនិញពីសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាបតីអាមេរិក លោក ត្រាំ គំរាមដាក់ពន្ធយ៉ាងតឹងរ៉ឹង៕
