WWF ៖ ការកើនឡើងនៃសត្វរំពេទន្លេរគឺជាដំណឹងដ៏អស្ចារ្យសម្រាប់សត្វប្រភេទស្លាប

ភ្នំពេញ៖ ក្រុមសិក្សាស្រាវជ្រាវ ដើម្បីកត់ត្រាចំនួនសត្វរំពេទន្លេ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ បានរកឃើញសត្វរំពេមានរហូតដល់៩៤ក្បាល កើនឡើងចំនួន២៣ក្បាល បើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹម៧១ក្បាល។
អង្គការ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២សីហា ឆ្នាំ២០២៥ ថា ការកើនឡើងនៃសត្វរំពេទន្លេរហូតដល់៩៤ក្បាលនេះ គឺជាដំណឹងដ៏អស្ចារ្យសម្រាប់សត្វប្រភេទស្លាប ដែលត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងការគំរាមកំហែង។ អង្គការ WWF ចាត់ទុកចំនួននៃការកើនឡើង បង្ហាញពីស្ថេរភាពក្នុងអំឡុងពេលនៃការកត់ត្រាពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។
ទន្ទឹមនឹងនោះ អង្គការនេះ វាយតម្លៃថា ភាពជោគជ័យនៃការអភិរក្សនឹងមិនអាចកើតឡើងបានទេ ប្រសិនមិនមានការចូលរួមរបស់អជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ ចំពោះកម្មវិធីការពារសម្បុក ដែលជួយការពារទីជម្រកដ៏មានសារសំខាន់នៃប្រភេទសត្វស្លាបទាំងនេះ៕

