រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី ចិន កម្ពុជានិងថៃជួបសំណេះសំណាលនៅក្រុង អាននីង

ថ្ងៃទី ១៤ ខែសីហា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា និងលោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃបានជួបសំណេះសំណាលនៅក្រុង អាននីង ខេត្តយូណាន ។ ភាគីទាំងបីបានពិគ្រោះពិភាក្សាអំពីការប៉ះទង្គិចនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងបរិយាកាសមិត្តភាពនិងស្មោះត្រង់ ។
លោក Wang Yi បានថ្លែងថា ភាគីទាំងពីរ កម្ពុជានិងថៃសុទ្ធតែមិនចង់កើតមានការប៉ះទង្គិចនៅតំបន់ព្រំដែនទៀតទេ ហើយសុទ្ធតែមានឆន្ទៈរៀបចំកិច្ចសន្ទនា ដើម្បីកែលម្អទំនាក់ទំនងឡើងវិញ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃយន្តការសហប្រតិបតិ្តការឡានឆាង-មេគង្គដែលបើកធ្វើនៅក្រុង អាននីងលើកនេះបានផ្តល់ជាឱកាសមួយ ។ រំពឹងទុកថា ភាគីទាំងពីរកម្ពុជានិងថៃ អាចរួមគ្នាបញ្ចេញ “សំឡេងសុខសន្តិភាព”នៅទីនេះ ។ កម្ពុជានិងថៃជាអ្នកជិតខាងនិងបងប្អូនយូរអង្វែង ជឿជាក់ថា ភាគីទាំងពីរអាចគ្រប់គ្រងជម្លោះជាក់ស្តែងឱ្យបានលល្អ ហើយងាកមកពួតដៃគ្នាឆ្លើយតបនឹងការសាកល្បងសកលគ្រប់បែបយ៉ាង ប្រការនេះមុខជានឹងទទួលបានការស្វាគមន៍ពីសំណាក់ប្រជាជននៃប្រទេសទាំងពីរជាមិនខាន ហើយក៏ជាក្តីរំពឹងទុករួមនៃប្រទេសក្នុងតំបន់ផងដែរ ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសនៃប្រទេសកម្ពុជានិងថៃសុទ្ធតែបានគូសបញ្ជាក់ពីតម្លៃនៃសន្តិភាព និងផ្តោតសុខដុមនីយកម្មជាមួយប្រទេសជិតខាង ក៏ដូចជារំលឹកឡើងវិញពីឆន្ទៈអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងសកម្ម ដើម្បីគ្រប់គ្រងនិងដោះស្រាយជម្លោះឱ្យបានល្អតាមសន្តិវិធី ៕
