រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ណែនាំឱ្យបង្កើនការរឹតបន្តឹងសន្តិសុខ សម្រាប់សមាជិកនិងបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយនានា មុនការបោះឆ្នោតមកដល់

ណៃពិដោ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១៣ ខែសីហា ប្រមុខរដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានណែនាំឱ្យបង្កើនការរឹតបន្តឹងសន្តិសុខ សម្រាប់សមាជិកនិងបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយនានា មុនការបោះឆ្នោតដែលគ្រោងធ្វើឡើងអំឡុងចន្លោះខែធ្នូ ឆ្នាំនេះ និង ខែមករា ឆ្នាំក្រោយ។
លោក Min Aung Hlaing ដែលមានឋានៈជាប្រធានាធិបតីស្តីទីផងដែរ បានបង្គាប់ឱ្យអាជ្ញាធរចាត់វិធានការ ដើម្បីពង្រឹងការការពារ សុវត្ថិភាពដល់អ្នកនយោបាយក៏ដូចជាអ្នកបោះឆ្នោត និងបានព្រមានអំពីហានិភ័យកើនឡើង នៃការវាយប្រហារលើបុគ្គលិករដ្ឋាភិបាល មុនដល់ពេលបោះឆ្នោត។
លោក Min Aung Hlaing បានសង្កត់ធ្ងន់ថា ការបោះឆ្នោតនេះដាច់ខាត ត្រូវតែរៀបចំឡើងដោយជោគជ័យ។ស្របពេលដែលគណបក្សប្រឆាំង ត្រូវបានរារាំងមិនឱ្យចូលរួម ឬធ្វើពហិការមិនចូលរួម ការបោះឆ្នោតដែលត្រូវបានគ្រោងទុកនោះ ត្រូវរដ្ឋាភិបាលក្រុមប្រទេសលោកខាងលិច រិះគន់ថាគ្រាន់តែជាមធ្យោបាយមួយ ដើម្បីជួយឱ្យក្រុមឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ា នៅរក្សាអំណាចរបស់ខ្លួនតទៀតប៉ុណ្ណោះ ហើយការបោះឆ្នោតនោះ ត្រូវបានរំពឹងថា នឹងគ្រប់គ្រងដោយគណបក្ស ដែលយោធានៅពីក្រោយខ្នង។
កាលពីឆ្នាំ២០២៤ អាជ្ញាធរនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើជំរឿនទូទាំងប្រទេស ដែលជាកិច្ចប្រឹងប្រែងមួយ ដើម្បីកំណត់ បញ្ជីឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែពួកគេអាចចុះស្ទង់មតិដោយផ្ទាល់ តែនៅក្នុងក្រុងចំនួន១៤៥ប៉ុណ្ណោះ ក្នុងចំណោមក្រុងទាំង ៣៣០ ដ្បិតទឹកដីមួយផ្នែកធំនៃផ្ទៃប្រទេស ស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច ឬក៏មានអសន្តិសុខខ្លាំង។
គួរបញ្ជាក់ថា ប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុងភាពវឹកវរនិងសង្រ្គាមស៉ីវិល ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៉ីវិលដឹកនាំដោយ លោកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១៕
