អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពកម្ពុជាបន្តប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា និងថៃមានលក្ខណៈស្ងប់ស្ងាត់យ៉ាងណាក៏ដោយ

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនាថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពកម្ពុជាបានបន្តប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា បើទោះបីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា និងថៃមានលក្ខណៈស្ងប់ស្ងាត់យ៉ាងណាក៏ដោយនោះ។
លោកជំទាវបន្តថា ស្ថានភាពនៅខេត្តបាត់ដំបង បន្ទាយមាន ជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារគឺមានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែទោះបីជាយ៉ាងណាវីរៈកងទ័ព យើងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីការពារទឹកដី។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសជាឱឡារឹកជាថ្មីម្តងទៀតផងដែរថា កម្ពុជាបន្តប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បំផុត ដោយឥតងាករេការគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលមានប្រទេសម៉ាឡេស៊ី ប្រទេសចិន និងសហរដ្ឋអាមេរិកជាសាក្សី និងកិច្ចប្រជុំ ថ្នាក់បណ្តាភូមិភាគ(RBC)ជាដរាប ហើយជាមួយគ្នានេះកម្ពុជាក៏បន្តអំពាវនាវឲ្យភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពផងដែរ៕
