ប្រទេសស៊ុយអែត ន័រវែស និងដាណឺម៉ាក នឹងផ្តល់ថវិកាក្នុងរង្វង់ ៥០០លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមដឹកនាំដោយអង្គការណាតូ ដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី

បរទេស៖ ប្រទេសស៊ុយអែត ន័រវែស និងដាណឺម៉ាក នឹងផ្តល់ថវិកាក្នុងរង្វង់ ៥០០លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមដឹកនាំដោយអង្គការណាតូ (NATO) ដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី ដោយការប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក រួមទាំងប្រព័ន្ធមីស៉ិល Patriot។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដែលត្រូវបង់ថ្លៃដោយសម្ព័ន្ធមិត្តអឺរ៉ុប។
រដ្ឋមន្រ្តីការពារជាតិន័រវែស លោក Tore O. Sandvik បញ្ជាក់ថា «យើងចង់ធានាថា អ៊ុយក្រែនឆាប់ទទួលបានសម្ភារដែលខ្លួនត្រូវការ ស្របពេលពង្រឹងកិច្ចសហប្រតិបត្តិការណាតូ លើវិស័យការពារជាតិអ៊ុយក្រែន និងធានាសន្តិភាពតាមលក្ខខណ្ឌអ៊ុយក្រែន»។
រដ្ឋមន្រ្តីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានឱ្យដឹងថា ដាណឺម៉ាករួមចំណែក ៩០លានដុល្លារ ខណៈន័រវែស ១៤៦លានដុល្លារ រីឯស៊ុយអែត ២៧៥លានដុល្លារ នៅក្នុងកញ្ចប់ជំនួយមួយ ដែលរួមមានប្រព័ន្ធមីស៉ីល Patriot និងសម្ភារដ៏ទៃទៀត ក៏ដូចជាគ្រាប់បែកប្រឆាំងរថក្រោះផងដែរ។
តាមឧបនាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Ebba Busch ការផ្គត់ផ្គង់បន្តនូវអាវុធអាមេរិកប្រភេទនេះ និងដែលអឺរ៉ុបមិនអាចផ្តល់បានគ្រប់គ្រាន់ គឺជាការសម្រេចចិត្តមួយ ដែលជួយពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន៕
