វៀតណាមកំពុងជួបបញ្ហាឆ្លងរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក កាន់តែអាក្រក់

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃអង្គារ ទី៥ ខែសីហា បានរាយការណ៍ថា ប្រទេសអាស៊ានមួយនេះ កំពុងជួបបញ្ហាឆ្លងរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) កាន់តែអាក្រក់ ដោយចំនួនសត្វជ្រូកសរុបដែលឆ្លងជំងឺ គឺបានកើនឡើងដល់ទៅជាង ៣ដង ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាសែត Tien Phong បាននិយាយថា ប្រទេសវៀតណាម បានរកឃើញការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិកចំនួន ៩៧២ករណី គិតត្រឹមពេលឥឡូវ នៅក្នុងឆ្នាំនេះ។ វាកើនពីចំនួន៥១៤ករណី ដែលត្រូវបានរាយការណ៍កាលពីពាក់កណ្តាលខែកក្កដា។ យោងតាម ទិន្នន័យពីក្រសួងកសិកម្មវៀតណាម ចំនួនសត្វជ្រូកដែលឆ្លងជំងឺ បានកើនដល់ជាង១០០ ០០០ក្បាល ពី៣០ ០០០ក្បាល ក្នុងចន្លោះពេលដូចគ្នាខាងលើ។ សត្វជ្រូកទាំងអស់នោះបានងាប់ដោយខ្លួនឯង ឬក៏ត្រូវបានសម្លាប់ចោល។
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកធ្លាប់បង្កការរាំងស្ទះ ចំពោះទីផ្សារសាច់ជ្រូកពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កាលពីអំឡុង ការឆ្លងរីករាលដាលដ៏អាក្រក់បំផុត គឺឆ្នាំ២០១៨-២០១៩ ចំនួនសត្វជ្រូកចិញ្ចឹមក្នុងស្រុកជាងពាក់កណ្តាល បានងាប់នៅក្នុងប្រទេសចិន ដែលជាប្រទេសផលិតសាច់ជ្រូកច្រើនជាងគេ ជាហេតុនាំឱ្យមានការខាតបងគិតជាទឹកប្រាក់ ស្មើនឹងជាង ១០០ពាន់លានដុល្លារ។
ការឆ្លងរាតត្បាតជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅវៀតណាម កាលពីខែមុន បានជំរុញឱ្យនាយករដ្ឋមន្រ្តី លោក Pham Minh Chinh ចេញសេចក្តីណែនាំបន្ទាន់មួយ ទៅកាន់បណ្តាទីភ្នាក់ងារខេត្តនិងរដ្ឋាភិបាល ឱ្យចាត់វិធានការដើម្បីទប់ស្កាត់ជំងឺនេះ ដែលរដ្ឋាភិបាល និយាយថា កំពុងគំរាមកំហែងចំពោះខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងស្រុក៕
