ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងចំនួន ២៧គម្រោងបន្ថែមទៀតនៅខេត្តព្រះសីហនុក្រោមទុនវិនិយោគ ២៨២ លានដុល្លារ

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកិច្ចប្រជុំលើកទី ១៨ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងចំនួន ២៧គម្រោងបន្ថែមទៀតនៅខេត្តព្រះសីហនុក្រោមទុនវិនិយោគ ២៨២ លានដុល្លារអាម៉េរិក។
កិច្ចប្រជុំលើកទី ១៨ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនិងមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និង តំណាងរដ្ឋបាលខេត្ត ដើម្បីពិភាក្សាលើគម្រោងវិនិយោគនិងធុរកិច្ច។
កិច្ចប្រជុំបានពិនិត្យលើគម្រោងដែលស្នើការលើកទឹកចិត្តពិសេស ហើយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងចំនួន ២៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១៧, គម្រោងថ្មី ចំនួន ៨, គម្រោងពង្រីកមួយ និងគម្រោងមានស្រាប់ ចំនួន មួយដែលមានទុនវិនិយោគប្រមាណ ២៨២ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៨១២ កន្លែង។
គម្រោងទាំង ២៧ នេះ មាន៖ គម្រោងរោងចក្រផ្គុំ និង ដំឡើងរថយន្ត, គម្រោងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត, គម្រោងសណ្ឋាគារ, គម្រោងរមណីយដ្ឋានទេសចរណ៍ និង គម្រោងអគារពហុមុខងារ ។ បន្ទាប់ពីការផ្តល់ការលើកទឹកចិត្តនេះ, ក្រុមការងារនឹងផ្តល់ការសម្របសម្រួល និង ដោះស្រាយបញ្ហា និង សំណូមពរនានារបស់វិនិយោគិន ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព ។
គួររំលឹកថា គម្រោងដែលក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ក្នុងត្រីមាសទី២ ឆ្នាំ ២០២៥ មានកំណើន ១១ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តពីសំណាក់វិស័យឯកជន។ កម្លាំងចលករសំខាន់នៅពីក្រោយលទ្ធផលនេះ គឺវិនិយោគិនក្នុងស្រុក និង វិនិយោគិនបរទេស ដែលទទួលបានការលើកទឹកចិត្តពិសេស តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងទំនុកចិត្តវិនិយោគនៅក្នុងខេត្ត ។
ទន្ទឹមនេះក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន។ក្រុមការងារក៏បានអំពាវនាវសូមរួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕

