លោកជំទាវ ប៊ុន ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វីរកងទ័ព ចំនួន២រូបដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ប៊ុន ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តម ហួន រ៉ាន់និត អភិបាលរងខេត្ត និងលោក ម៉ក់ ហ៊ាងរិទ្ធី នាយករងសាលាខេត្តឧត្ដរមានជ័យ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព និងនាំយកថវិកាមួយចំនួន ជូនដល់គ្រួសារសព ព្រិន្ទបាលឯក សំសុគង់ ឆាត អាយុ ១៩ ឆ្នាំ ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុកចុងកាល បានស្លាប់នៅថ្ងៃទី២៦ នៅទិសប្រសាទតាក្របី និងព្រិន្ទបាលឯក រុន សុរ៉ា អាយុ៣៦ នៅភូមិពោធិចាស់ ឃុំបេងស្រុកបន្ទាយអំពិល បានស្លាប់នៅថ្ងៃទី២៨ នៅទីតាំងទិសប្រាសាទតាក្របី ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី។
ក្នុងវេលាដ៏សោកសៅ និងក្រៀមក្រំនេះ លោកជំទាវ ប៊ុន ស៊ីណា សូមចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់វីរកងទ័ព ក្នុងសមរភូមិមុខនៅព្រំដែន ស្ថិតក្នុងខេត្តឧត្តរមានជ័យ។
លោកជំទាវ ប៊ុន ស៊ីណា បានចាត់ទុកការបាត់បង់ វីរកងទ័ពទាំង២រូប ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ លោកជំទាវ ប៊ុន ស៊ីណា ចូលរួមថវិការជូនគ្រួសារសពព្រិន្ទបាលឯក សំសុគង់ ឆាត ទទួលបានថវិការចំនួន ១លាន៥សែនរៀល និងគ្រួសារសព ព្រិន្ទបាលឯក រុន សុរ៉ា ទទួលបានថវិការ ៨០ម៉ឺនរៀលផងដែរ។
បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសព វីរកងទ័ពរួមមក លោកជំទាវ ប៊ុន ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តម ហួន រ៉ាន់និត អភិបាលរងខេត្ត និងលោក ម៉ក់ ហ៊ាងរិទ្ធី នាយករងសាលាខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល់និងផ្ដល់អំណោយមួយចំនួនជូនដល់វីរៈព្រំដែន៧០២ឈជើងនៅតាមាន់.តាក្របី។
នាឱកាសនោះលោកជំទាវ ប៊ុន ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងឯកឧត្តម ហួន រ៉ាន់និត អភិបាលរងខេត្ត ឧត្ដរមានជ័យ បានថ្លែងអំណរគុណជូនដល់វីរៈព្រំដែន៧០២ឈជើងនៅតាមាន់.តាក្របី ដែលបានខិតខំការពារបូរណៈភាពទឹកដី និងប្រាសាទដែលជាកេរ្ត៍ដំណែលរបស់ដូនតាខ្មែរបានបន្សល់ទុកឱ្យ ពីការឈ្លានពានរបស់ទ័ពសៀម ដែលតែងតែចង់បានរបស់ខ្មែរ។
បន្ថែមពីនេះ លោកជំទាវ ប៊ុន ស៊ីណា និងឯកឧត្តម ហួន រ៉ាន់និត ក៏បានជូនពរដល់វីរៈព្រំដែន៧០២ឈជើងនៅតាមាន់.តាក្របី ជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើន ហើយនៅបន្តឈរជើងយ៉ាងរឹងមាំដើម្បីការពារព្រំដែន និងប្រទេសជាតិ។
សូមបញ្ជាក់ថា សម្ភារៈដែលប្រគល់ជូនវីរៈព្រំដែន៧០២ឈជើងនៅតាមាន់.តាក្របីរួមមាន៖ ភួយ+កន្សែង+ម៉ាស់ =200កញ្ចប់, ស្ករគ្រាប់1កេស, ខ្ទឹមស3បេ, ដំឡូង 50 គីឡូ, ឆាចប៉ូវ 10 គីឡូ, អង្ករ5បេ, មី10កេស, សាច់បាក់យ៉ុង 10 គីឡូ, power bank 40, ធូបមូស 1 កេស, ថ្នាំបាញ់មូស1កេស, power bank សូឡា 5, ទឹកផ្លែឈើ2កេស, Pocariswat 5កេសនិងកូកា 5 កេសផងដែរ៕

