លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព ឧបត្ថម ១០លានរៀល ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ព និងជនភៀសសឹក

ភ្នំពេញ៖ លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ក បានប្រកាសឧបត្ថម ១០លានរៀល ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ព និងជនភៀសសឹក។
ការប្រកាសនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា អំឡុងពេលនៃការផ្សាយផ្ទាល់ពិសេសទ្រទ្រង់កងទ័ព និងជនភៀសសឹក ដំណាក់កាលទី២ លើកញ្ចក់ទូរទស្សន៍ CTN MyTV និងCBS digital។
ការបង្កើតមូលនិធិទ្រទ្រង់កងទ័ពការពារជាតិនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព ហើយថវិកាដែលប្រមូលបាន នឹងយកទៅជួយទ្រទ្រង់ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន និងជនភៀសសឹក។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ ជាងនេះទៅទៀត នៅអំឡុងនៃការធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាជ ក៏បានអំពាវនាវដល់ស្ថានីយទូរទស្សន៍ និងវិទ្យុ បង្កើតជាមូលនិធិទ្រទ្រង់កងទ័ពការពារជាតិ ដូចកាលឆ្នាំ២០០៨ ២០០៩ ២០១០ និង២០១១។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់និស្ស័យជាមួយ កងទ័ព និង ជាមួយជាតិ និងទឹកដីទាំងអស់គ្នា តាមរយៈមូលនិធិទូរទស្សន៍ CTNផងដែរ៕

