ឯកឧត្ដម ជុំ សុន្ទរី៖ នៅកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កម្ពុជាស្នើឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា នៅក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កម្ពុជាបានស្នើឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងឥតលក្ខខណ្ឌ ហើយមានដំណោះស្រាយដោយសន្តិវិធី។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានកោះប្រជុំបន្ទាន់ពិភាក្សាលើជម្លោះកម្ពុជា-ថៃ នៅម៉ោង៣រសៀល ម៉ោងនៅទីក្រុងញូវយ៉ក ត្រូវនឹងម៉ោង ២ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា។ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចូលរួមថ្លែងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំបន្ទាន់ UNSC នេះ។
ក្នុងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំបន្ទាន់ UNSC កម្ពុជាបង្ហាញពីការវាយលុកទ្រង់ទ្រាយធំរបស់ថៃមកលើកម្ពុជា ដោយប្រើយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងអាវុធទំនើបៗជាច្រើន។
ឯកឧត្ដម ជុំ សុន្ទរី បានបញ្ជាក់ថា “នៅក្នុងបទអន្តរាគមន៍តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានគូសបញ្ជាក់អំពីការអំពាវនាវរបស់កម្ពុជា ឲ្យមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ហើយមានដំណោះស្រាយដោយសន្តិវិធី។ នេះជាចំណុចសំខាន់ ដែលមាននៅក្នុងបទអន្តរាគមន៍កម្ពុជា”៕
