ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន អូខេអិនជី អ៉ិនវេសមិន ឯ.ក

ភ្នំពេញ៖នៅសាលប្រជុំរំដួលនៃទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន លើប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋរចនាសម្ព័ន្ធការងារទឹក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន អូខេអិនជី អ៉ិនវេសមិន ឯ.ក ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងផែនការអនុវត្តបន្តលើគម្រោងស្នើសុំវិនិយោគប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហាន១ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធាន ឯកឧត្តម ហុង សុធា ទីប្រឹក្សាក្រសួង អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេ ព្រមទាំងសមាជិកនៃអង្គភាព។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានលើកទឹកចិត្តដល់វិស័យឯកជន ចូលរួមវិនិយោគ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅលើកកម្ពស់ការអភិវឌ្ឍជាតិ និងការកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីផ្តល់អនុសាសន៍ណែនាំបន្ថែមទៅលើរបាយការណ៍សិក្សារបស់ក្រុមហ៊ុន ឱ្យមានភាពត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងនីតិវិធីប្រតិបត្តិការរួមសម្រាប់គ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន៕

