មន្រ្តីជំនាញនាយកដ្ឋានពេទ្យការងារ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី សុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ មន្រ្តីជំនាញនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី សុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ កាលពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ ដែលសមាសភាពចូលរួមមានមន្ត្រីនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន ៥រូប និងតំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៥រូប។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occupational Safety and Health Agency) និងអង្គការអន្តរជាតិខាងការងារកូរ៉េ (ILO-Korea) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពមន្រ្តីជំនាញទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងវិស័យសំណង់ ចែករំលែកបទពិសោធរួមមាន ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយនានាពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ ដែលបាននឹងកំពុងអនុវត្តនៅសាធារណរដ្ឋកូរ៉េ។
ជាមួយគ្នានោះ មន្រ្តីជំនាញក៏ទទួលបានការបណ្ដុះបណ្ដាល និងបទពិសោធថ្មីៗ តាមរយៈការពិនិត្យ និងប្រៀបធៀបប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ (OSH) ក្នុងវិស័យសំណង់កូរ៉េ និងកម្ពុជា សិក្សាលើច្បាប់ អនុសញ្ញាអន្តរជាតិ ព្រមទាំងសិក្សាពីវិធានការចុះត្រួតពិនិត្យសុវត្ថិភាព ការស៊ើបអង្កេតគ្រោះថ្នាក់ការងារ វិធានការបង្ការគ្រោះថ្នាក់ការងារ និងការកែលម្អសុវត្ថិភាពនៅកន្លែងធ្វើការនៅក្នុងវិស័យសំណង់។
ទន្ទឹមនោះ មន្រ្តីជំនាញក៏បានចុះទស្សនកិច្ចក្នុងការដ្ឋានសំណង់នៅសាធារណរដ្ឋកូរ៉េដោយផ្ទាល់ ដើម្បីត្រួតពិនិត្យ និងសិក្សាពីការអនុវត្តប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ ក្នុងការបង្ការគ្រោះថ្នាក់ការងារ និងសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅក្នុងវិស័យសំណង់៕

