ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលប្រពឹត្តទៅនៅ អាគារThe Kampus នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ប្អូនៗនិស្សិត និងសមាជិក សមាជិការ ស.ស.យ.ក.។
វេទិកាកម្ពុជា ៤.០ លើកទី៥ នេះ រៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលបាននាំមកនូវសេវាសុខភាពឌីជីថលដែលមានភាពឆ្លាតវៃនិងងាយស្រួល សម្រួលដល់ការតាមដានសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ជាមួយគ្នានេះដែរ វេទិកានេះក៏ជាឱកាសសម្រាប់សិក្សាស្វែងយល់ពីបញ្ហាសុខភាព តាមរយ:ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យពីចម្ងាយ និងអាចតាមដានសុខភាពកម្រិតបឋមនៅផ្ទះដោយខ្លួនឯង តាមរយៈ Wearable Technology ដូចជានាឡិការឆ្លាតវៃ ,ស្មាតហ្វូន និងឧបករណ៍តាមដានកាយសម្បទាជាដើម៕

