លោក វ៉ាង យី ពោលទៅកាន់សមភាគីថៃថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីសម្របសម្រួលប្រកបដោយភាពស្ថាបនាសម្រាប់ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពនៃប្រទេសកម្ពុជា-ថៃ

ប៉េកាំង៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានពោលទៅកាន់សមភាគីថៃថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីសម្របសម្រួលប្រកបដោយភាពស្ថាបនាសម្រាប់ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពនៃប្រទេសកម្ពុជា-ថៃ។
ការអះអាងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី១០កក្កដា។
រដ្ឋមន្ត្រីការបរទេសជើងចាស់របស់ចិនរូបនេះ បានអះអាងថា ប្រទេសចិននឹងរក្សាគោលជំហរប្រកបដោយ[«គោលបំណង និងយុត្តិធម៌»] លើជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ហើយលោកសង្ឃឹមថា ប្រទេសអាស៊ីអាគ្នេយ៍ក្បែរខាងទាំងពីរនឹងធ្វើការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព។
តើសន្តិភាពតាមព្រំដែនកម្ពុជា-ថៃអាចនឹងមានសង្ឃឹមដែរឬទេ ខណៈយោធាថៃនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដី ប្រាសាទបុរាណខ្មែរម្ដងហើយម្ដងទៀតនោះ? គេដឹងថា ចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទាំងជាមួយថៃ និងកម្ពុជា។
យ៉ាងណា កម្ពុជាជាមិត្តដែកថែបរបស់ចិន និងជាគ្រាប់គុជដ៏មានសារសំខាន់មិនអាចខ្វះបាននៅក្នុងទីតាំងភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ដ៏មានសក្តានុពលមួយនេះ។ រដ្ឋធានីប៉េកាំង និងរាជធានីភ្នំពេញ បានបង្ហាញភក្ដីភាពលើចំណងការទូតក្នុងរយៈពេល៦៧ឆ្នាំ ដោយបានដំឡើងទំនាក់ទំនង ភាពជា ដៃគូ សហប្រតិបត្តិការ ជា យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ នាកំលុង ខែធ្នូ ឆ្នាំ ២០១០ បន្ទាប់ពីសម្តេច តេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា បាន អញ្ជើញ ទៅបំពេញ ទស្សនកិច្ច នៅ ប្រទេស ចិន។ ទន្ទឹមនោះ ការប្រាស្រ័យ ទាក់ទង រវាងប្រមុខរាជ/រដ្ឋាភិបាលនៃប្រទេសទាំងពីរ លើការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជា ក្នុង តំបន់ កាន់តែ មាន ភា ព ជិតស្និទ្ធ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។
តាមរយៈទំនាក់ទំនងដ៏ល្អខាងលើនេះហើយ ទើបបានជារដ្ឋមន្រ្តីការបរទេសចិន និងរដ្ឋមន្រ្តីការបរទេសថៃ ទំនងជាយករឿងរ៉ាវជម្លោះព្រំដែនកម្ពុជា.ថៃមកជជែកគ្នាស្ងាត់ៗ ដើម្បីស្វែងរកវិធីដោះភាពទាល់ច្រកនៃបញ្ហាជម្លោះព្រំដែនដ៏រ៉ាំរ៉ៃនេះ។ តើអាចទៅរួចដែរទេ ដែលចិនជំរុញឱ្យភាគីថៃបញ្ចប់វិវាទដោយសន្តិវិធី? មានមតិមួយចំនួនលើកឡើងថាទំនងជាអាច។ អាចក៏ដោយសារថា បច្ចុប្បន្ន(ចិន)កំពុងត្រាច់ចរយ៉ាងស្ងៀមស្ងាត់ក្នុងដំណើរតួនាទីសម្របសម្រួលជម្លោះប្រទេសនានា នៅលើពិភពលោក។ ដ្បិតថា សកម្មភាពធ្វើការរបស់ចិនមិនសូវអ៊ូអរ បង្អើលគេឯងដូចបងធំទី១អាម៉េរិក ប៉ុន្តែភាពសកម្មនៃការទូតចិនជាមួយមិត្តបរទេស គឺមានភាពខ្លាំង ហើយបាននិងកំពុងចងសម្ព័ន្ធមិត្តជាមួយបណ្តាប្រទេសស្ទើរគ្រប់ច្រកល្ហកនៃពិភពលោក ដូច្នេះ ទោះចង់មិនចង់ ចិនត្រូវតែចូលខ្លួនសម្របសម្រួលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងប្រយោល និងផ្ទាល់ ឬក៏អាចក្លាយជាអាជ្ញាកណ្ដាលផងក៏ថាបាន ប្រសិនបើប្រទេសជាប់របងផ្ទះទាំងពីរកម្ពុជា-ថៃ បើកភ្លើងខៀវដល់បងធំដ៏មានឥទ្ធិពលក្នុងតំបន់អាស៊ីមួយនេះ៕
