លោក ឈឿន សុចិត្ត ដឹកនាំកិច្ចប្រជុំបែងចែកគោលដៅការពារសុវត្ថិភាពនៅភូមិសាស្ត្រស្រុកមុខកំពូល

កណ្តាល៖នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកគោលដៅ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់ យាង និងអញ្ជើញឆ្លងកាត់ភូមិសាស្ត្រស្រុកមុខកំពូល ឆ្ពោះទៅស្រុកចំការលើ ខេត្តកំពង់ចាម ចូលរួមក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំរបស់សាលាស្រុកមុខកំពូល ដោយមានការចូលរួមពី លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលក្រុង/ស្រុកពាក់ព័ន្ធ និង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ផងដែរ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានមានមតិផ្ដាំផ្ញើដល់សមាជិកចូលរួមក្នុងកិច្ចប្រជុំនៅរសៀលនេះ ត្រូវណែនាំដល់កងកម្លាំងរបស់ខ្លួន យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្តាប់ធ្នាប់ នៅលើដងផ្លូវជាតិលេខ៦ ឱ្យបានល្អប្រសើរ ដើម្បីសម្រួលចរាចរណ៍ ថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ៕

