សម្ដេចធិបតី៖ មកដល់ម៉ោងនេះ គ្មានគណបក្សណាដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនបានោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា មកដល់ម៉ោងនេះគ្មានគណបក្សណាដែលអាចប្រកួតប្រជែងជាមួយ គណបក្សប្រជាជនបាននោះទេ សូមបងប្អូនប្រជាពលរដ្ឋទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ។
សម្ដេចធិបតីបានបន្តថា ការដឹកនាំរបស់គណបក្សប្រជាជន គ្មានការរើសអើងនិន្នាការនោះទេដោយសារប្រជាពលរដ្ឋមើលឃើញជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន។
សម្តេចធិបតី បន្ថែមថា គណបក្សប្រជាជនបានជួយជីវិតប្រជាពលរដ្ឋច្រើនណាស់ មានធំៗ៣ ទី១-ការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ទី២-នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យខ្មែរមានការបង្រួបបង្រួមជាតិ ឯកភាពទឹកដីតែមួយ កងទ័ពតែមួយ និងទី៣-ការសង្គ្រោះប្រជាពលរដ្ឋឲ្យឆ្លងផុតពីជំងឺកូវីដ-19៕

