សម្តេចធិបតី៖ កម្ពុជាថាលេងគឺលេងមែនទែនហើយ ដោយមិនរញ៉េរញ៉ៃដូចថៃនោះឡើយ

ភ្នំពេញ៖ ឆ្លើយតបទៅកាន់ភាគីថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាថាលេងគឺលេងមែនទែនហើយ ដោយមិនរញ៉េរញ៉ៃដូចខ្លួន(ថៃ)នោះឡើយ ជាពិសេសគឺបញ្ហាបិទបើកច្រកព្រំដែននេះតែម្តង។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បញ្ជាក់ថា សម្ដេចមិនចង់តមាត់ជាមួយប្រទេសជិតខាងខ្លះទេ ប៉ុន្ដែនៅពេលមិនមាត់គេមើលងាយយើង ប៉ុន្ដែដល់ពេលមាត់គេថាយើងលូកដៃផ្ទៃក្នុងប្រទេសគេ។
ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្តអំពាវនាវដល់ពលរដ្ឋខ្មែរ និងប្រជាជនថៃ សូមយោគយល់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ខណៈការបិទមិនមែនជាកម្ពុជាអ្នកបិទទេ ប៉ុន្ដែជាការបិទដោយឯកតោភាគីរបស់ថៃ៕

