សម្តេចធិបតី អញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ទិវាមច្ឆជាតិដែលប្រារព្ធឡើងនៅបឹងទន្លេបាទីនាព្រឹកថ្ងៃនេះ ត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទប្រមាណ ១,៥លានក្បាលដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង អណ្តើក កន្ធាយ បង្កងទឹកសាប។ល។ នឹងត្រូវលែងចូលទៅក្នុងបឹងនេះ។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០៣មក ទិវាមច្ឆជាតិ១ កក្កដា ត្រូវបានរៀបចំឡើងជារៀង រាល់ឆ្នាំក្នុងគោលបំណងផ្សព្វ ផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាពសំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការ អាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ៕
