សម្ដេចតេជោ៖ ប្រទេសថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយ ប៉ុន្ដែនាយករដ្ឋមន្រ្ដីថៃបែរជាមកចោទកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ប្រទេសថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែលោកស្រីនាយករដ្ឋមន្រ្ដីថៃ បែរជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារថៃទៅវិញ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានឱ្យដឹងថា កម្ពុជាគ្រាន់តែជាជនរងគ្រោះដោយអំពើឆបោក អនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ ពីព្រោះអ្នកឆបោកតាមអនឡាញទាំងអស់ ត្រូវបានសម្រួលដោយអាជ្ញាធរថៃ។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា លោកស្រីនាយករដ្ឋមន្រ្ដីថៃ កំពុងបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា។ កាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោកស្រីបានប្រកាសថា បិទព្រំដែនដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃបានបិទព្រំដែនជាឯកតោភគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ៕

