នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បញ្ជាក់ថា សម្តេចគ្មានសិទ្ធបញ្ជាកងទ័ពទេ ហើយអ្នកដែលមានសិទ្ធបញ្ជាកងទ័ពគឺនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងអគ្គបញ្ជាការកងទ័ព

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចគ្មានសិទ្ធអ្វីបញ្ជាកងទ័ពនោះទេ ហើយអ្នកដែលមានសិទ្ធបញ្ជាកងទ័ពនោះ គឺមានតែនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គបញ្ជាការកងទ័ពតែប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម នៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានលើកឡើងថា សម្ដេចអញ្ជើញមកដល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មិនមែនមកបញ្ជាទ័ពទេ។ អ្នកដែលមានសិទ្ធបញ្ជាទ័ព គឺនាយករដ្ឋមន្រ្ដី, រដ្ឋមន្រ្ដីក្រសួងការពារជាតិជាដើម ប៉ុន្ដែសម្ដេចមានភារកិច្ចទទទួលខុសត្រូវមួយក្នុងឋានជាពលរដ្ឋ ជាមេដឹកនាំ និងជាមនុស្សទីពីរបន្ទាប់ពីព្រះមហាក្សត្រ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសថា សម្តេចទទួលយកសំណើរដែលឲ្យសម្តេចទទួលបន្ទុកអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ ដើម្បីផ្គត់ផ្គង់កងទ័ពវាយកម្ទេចចោរឈ្លានពានទឹកដីកម្ពុជា៕

