ឯកឧត្តម កៅ ថាច ជួបសំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម

ភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារ ARDB បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម ដោយផ្តោតជាចម្បងលើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី-ពោតក្រហមជាមួយក្រុមកសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួនរួមមាន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ជាដើម។
ពិធីសំណេះសំណាលនេះ បានសហការរៀបចំឡើងដោយ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ ដោយមានអ្នកចូលរួមពីក្រុមកសិករផលិត និងពាណិជ្ជករប្រមូលទិញប្រមាណជាង ១២០រូប។
ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥លានតោន) ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ និងពោតក្រហមប្រមាណជាង ២៨ម៉ឺនហិកតា ទិន្នផលស្រស់ប្រមាណ ១លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណជាង ២០០លានដុល្លារ។ ដំឡូងមីត្រូវបានដាំដុះនាដើមរដូវចាប់ពីខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជារៀងរាល់ឆ្នាំ។ ដោយឡែក ពោតក្រហមត្រូវបានដាំដុះចាប់ពីខែមេសា ជាបន្តបន្ទាប់ និងប្រមូលផលចាប់ពីខែកក្កដា។
នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្តែងបានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីហិរញ្ញប្បទានពិសេស ជាបន្តបន្ទាប់នាពេលកន្លងមក សម្រាប់ប្រមូលទិញស្រូវ និងកសិផលមូយចំនួនផ្សេងទៀតពីប្រជាកសិករនាពេលរដូវប្រមូលផលធំជារាងរាល់ឆ្នាំ។
ចំពោះដំណាំដំឡូងមី និងពោតក្រហម, ឯកឧត្តមបណ្ឌិត កៅ ថាច បាន អំពាវនាវដល់ពាណិជ្ជករ/ ឈ្មួញបន្តប្រមូលទិញដំឡូមីពីបងប្អូនកសិករ ហើយធនាគារ ARDB បន្តគាំទ្រផ្នែកឥណទាន។ ដើម្បីដោះស្រាយកង្វល់កង្វះទ្រព្យធានាបំណុលដោយបានប្រើប្រាស់ជាមួយគ្រឹះស្ថានធនាគារឯកជនអស់ហើយនោះ, ឯកឧត្តមបណ្ឌិតបានផ្តល់ជាជម្រើសដំណោះស្រាយតាមរយៈ (១). យន្តការ កិច្ចសន្យាត្រីភាគីលើប្រតិបត្តការទិញលក់ដំឡូងមី-ពោត (ឈ្មូញប្រមូលទិញ-ក្រុមហ៊ុននាំចេញ-ធនាគារ ARDB) ហើយលំហូរសាច់ប្រាក់ទូទាត់លើការប្រមូលទិញដំឡូងមី-ពោត ត្រូវធ្វើឡើងតាមរយ: ARDB Mobile App។ កិច្ចសន្យាទិញលក់រវាងក្រុមហ៊ុននាំចេញ និងពាណិជ្ជករប្រមូលទិញដំឡូមី-ពោត ជាយន្តការជួយសម្រួលបន្ទុកដល់ពាណិជ្ជករ/ឈ្មួញប្រមូលទិញមិនមានទ្រព្យធានាបំណុល ក្នុងការទទួលបានឥណទានពី ធនាគារ ARDB។ និង (២). យន្តការយកសន្និធិដំឡូង និងពោតក្រហមស្ងួតដើម្បីធ្វើជាទ្រព្យធានាឥណទាន (ទំហំឥណទាន ៧០% នៃតម្លៃសន្និធិ) ដោយតម្រូវឱ្យមានកិច្ចសន្យាទិញ-លក់ច្បាស់លាស់ជាមួយក្រុមហ៊ុននាំចេញ និងឬក្រុមហ៊ុនកែច្នៃ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវដល់បងប្អូនប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលនៅតាមមូលដ្ឋានរាងៗខ្លួនដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់ ៕

