រដ្ឋមន្រ្តីការបរទេសរុស្ស៉ី៖ ទីក្រុងមូស្គូគាំទ្របទឈប់បាញ់រវាង អ៉ីស្រាអែលនិងអ៉ីរ៉ង់ ប៉ុន្តែពិបាកនិយាយណាស់ថា តើវានឹងឋិតថេរដែរឬក៏អត់

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា ទីក្រុងមូស្គូគាំទ្របទឈប់បាញ់រវាង អ៉ីស្រាអែលនិងអ៉ីរ៉ង់ ប៉ុន្តែពិបាកនិយាយណាស់ថា តើវានឹងឋិតថេរដែរឬក៏អត់។
ក្នុងប្រតិកម្មដំបូងរបស់រុស្ស៉ី ចំពោះបទឈប់បាញ់អ៉ីស្រាអែល-អ៉ីរ៉ង់ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Lavrov បានលើកឡើងដូច្នេះថា «វាពិបាកខ្លាំងណាស់ ដើម្បីធ្វើការសន្និដ្ឋានចុងក្រោយណាមួយនាពេលនេះ ហើយអាចទទួលបានរូបភាពច្បាស់លាស់មួយ។ សហរដ្ឋអាមេរិក ហាក់បានបញ្ចុះបញ្ចូលឱ្យអ៉ីស្រាអែល យល់ព្រមចំពោះបទឈប់បាញ់ ហើយខាងកាតាក៏ហាក់បានដើរតួនាទីស្រដៀងគ្នា ក្នុងការបញ្ចុះបញ្ចូលទីក្រុងតេហេរ៉ង់»។
លោក Lavrov បានសង្កត់ធ្ងន់ថា យ៉ាងណាមិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសហើយនោះ នៅមានមានសេចក្តីរាយការណ៍អំពីការវាយប្រហារ អំពីការបន្តវាយគ្នាទៅមករវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ ព្រមទាំងអំពីការចោទប្រកាន់ថា មានការបំពានបទឈប់បាញ់ ជាដើម ដូច្នេះហើយមិនគួរប្រញាប់ប្រញាល់ ធ្វើការសន្និដ្ឋានណាមួយលឿនពេកឡើយ ដោយផ្អែកលើភាពមិនទាន់ពេញលេញទាំងស្រុងនៃព័ត៌មាន។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ លោក ត្រាំ បានប្រកាសថា បទឈប់បាញ់រវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ បានចាប់ផ្តើមចូលជាធរមាន បន្ទាប់ពីប្រទេសទាំងពីរ បានប្រយុទ្ធគ្នាអស់រយៈពេល១២ថ្ងៃ។ រុស្ស៉ីបានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិកលើអ៉ីរ៉ង់ ថាជាទង្វើខុសច្បាប់និងមិនសមហេតុផល។ អ៉ីរ៉ង់បានសងសឹកវិញ តាមរយៈការបាញ់មីស៉ីលលើ ទីក្រុងរបស់អ៉ីស្រាអែល និងកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិកមួយកន្លែង នៅកាតា៕

