សម្តេចធិបតី៖ មកដល់ពេលនេះកម្ពុជាមិនទាន់បានពឹងពាក់ប្រទេសណាមួយ ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងកម្ពុជា-ថៃនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់ថាមកដល់ពេលនេះកម្ពុជាមិនទាន់បាន ពឹងពាក់ប្រទេសណាមួយ ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងកម្ពុជា-ថៃលើកលែងបណ្ដឹងទៅតុលាការអន្តរជាតិ។
ក្នុងឳកាសអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យើងនឹងខិតខំរក្សាទំនាក់ទំនងដោះស្រាយចរចាកិច្ចព្រមព្រៀងដែលមានស្រាប់។ ប្រសិនបើមានការផ្ទុះអាវុធកម្ពុជានិងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជានឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ថែមទៀត បើសិនជាមានការផ្ទុះអាវុធប្រយុទ្ធគ្នា ខណៈពេលនេះកម្ពុជា កំពុងខិតខំណាស់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីនិងសន្តិភាព៕

