ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម នៅស្រុកសណ្ដាន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការ ដោយសារសង្គ្រាមឈ្មោះ ឈឹម អាន អាយុ ៨២ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨០ នៅយោធាស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការដោយសារជាន់គ្រាប់មីន ក្នុងសមរភូមិ នៅឆ្នាំ១៩៨៣ ក្នុងពេលសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយសង្គ្រប់ទីតាំងលាក់ខ្លួនបណ្ដោះអាសន្នរបស់ក្រុមខ្មែរក្រហម នៅសមរភូមិតំបន់ភ្នំជី ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកតា ឈឹម អាន បានមានប្រសាសន៍ថា ក្រោយពេលត្រូវរបួសដាច់ជើងភ្លាម ក្រុមគ្រូពេទ្យកងទ័ពស្ម័គ្រចិត្តវៀតណាម បានបញ្ជូនគាត់មកកាន់មន្ទីរពេទ្យខេត្ត ហើយបើកបញ្ជូនបន្តទៅព្យាបាលរបួសនៅប្រទេសវៀតណាម ក្រោយពេលជាសះស្បើយបានវិលត្រឡប់មកកាន់អង្គភាពវិញ។ បច្ចុប្បន្នគាត់ជាអតីតយុទ្ធជន បានទទួលប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនគាត់ សម្រាប់ចិញ្ចឹមជីវិតគាត់ និងភរិយាគាត់។
នៅក្នុងឱកាសនេះផងដែរ លោកតា ឈឹម អាន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំដាក់ចេញអនុវត្តនូវនយោបាយឈ្នះឈ្នះ ដោយបានបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពដូចដែលយើងកំពុងមានសព្វថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់លោកតា ឈឹម អាន ក្នុងការរួមចំណែកការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបានរួមចំណែកក្នុងការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញពេញលេញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយភាពមុឺងម៉ាត់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី លោកបាននិងកំពុងបន្តដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ និងបន្តថែរក្សា ការពារឲ្យបានសុខសន្តិភាពជូនប្រជាជនកម្ពុជាទោះបីក្នុងតម្លៃណាក៏ដោយ។
ជាចុងក្រោយឧត្ដមសេនីយ៍ ទោ សោម ស៊ុន ក៍បាន ឧបត្ថម្ភស្បៀងអាហារគ្រឿង ឧបភោគបរិភោគ អំណោយមនុស្សធម៌ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទ មុន្នី និង បានណែនាំដល់លោកតាឈឹម អាន និងក្រុម គ្រួសារកូនចៅទាំងអស់ត្រូវរស់នៅគោរពច្បាប់និងមិនត្រូវធ្វើអ្វីដែលខុសច្បាប់ជាដាច់ខាតដែលនាំឲ្យមានទុក្ខទោសដល់ខ្លួននិងក្រុមគ្រួសារ៕

